(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ រួមជាមួយអភិបាលរងខណ្ឌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ លោកចៅសង្កាត់កន្ទោក មេភូមិកន្ទោកជើង និងក្រុមការងារខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ជូនកម្មករកម្មការីនី ៤៧៥នាក់កំពុងធ្វើចត្តាឡីស័កដែលពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីត១៩ ឈ្មោះ យឹម យ៉ឹម។
លោក ឃឹម ស៊ុនសូដា បានប្រាប់ថា អំណោយផ្តល់ជូនកម្មករ រួមមាន៖ ទឹកសុទ្ធចំនួន ១៣០កេស មីជាតិចំនួន ៤០កេស អាល់កុលដបតូច ៥០០ដប អាល់កុល១កានចំណុះ៣០លីត្រ ម៉ាស២,៥០០ម៉ាស ស្ថិតនៅក្នុងរោងចក្រ «អេ អឹម២»។ ពួកគេ បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ យឹម យ៉ឹម បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ The Great Duke ។
លោកអភិបាលខណ្ឌ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន លោក ឃួង ស្រេង ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ក្នុងរោងចក្រ និងបានសំណូមពរដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការទទួលយកវ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីសេដ្ឋកិច្ចរបស់ជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។
លោកបានរំលឹកដល់បងប្អូន ទាំងអស់កុំជឿលើពាក្យអគតិរបស់ជនខិលខូចមួយក្តាប់តូចដែលបំផុសបំផុលមិនឲ្យបងប្អូនចាក់វ៉ាក់សាំង ដោយលើមូលហេតុថា ចាក់ទៅក្រោយ៣ឆ្នាំស្លាប់ ចាក់ទៅអាចប៉ះពាល់ដល់សុខភាព ឬចាក់ទៅអាចបង្កទៅជាពិការភាពជាដើម៕