(សៀមរាប)៖ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ត្រូវបានរកឃើញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងហាងកាហ្វេ «លឹង្គ ១០០០» ដោយបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដែលជាអ្នកបើកបររថយន្តតាក់ស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុង «សហគមន៍ ២០កុម្ភៈ» នេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ជាអ្នកពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ដែលជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ១០០០ រួមមានដូចខាងក្រោម៖
*ទី១៖ លោក ទាវ សូវៀត អាយុ ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
*ទី២៖ លោក ពុធ សំអាត អាយុ ៣២ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ៖ ០១២ ៩៥៥ ៤៧៤/ ០៧៧ ៧៨៩ ០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕