(ពោធិ៍សាត់)៖ អ្នកបើកបរកាណូត របស់សមត្ថកិច្ចម្នាក់បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញ ខណៈដែលកំពុងចុះប្រតិបត្តិការល្បាត ប្រទះឃើញបទល្មើស កំពុងលួចធ្វើសកម្មភាពអូសអួន នៅកន្លែងអភិរក្សជលផល (អតីតឡូត៏លេខ០៦)។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ០៩៖៤០នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចកន្លែងអភិរក្សជលផលលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពពីមន្ត្រីរដ្ឋបាលជលផល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នាវេលាម៉ោង០៧៖០០នាទីល្ងាច រហូតដល់ម៉ោង០៩៖៤០នាទីយប់ កម្លាំងសង្កាត់រដ្ឋបាលជលផលកណ្ដៀង បានសហការជាមួយកម្លាំងយោធាខេត្ត និងកម្លាំងនគរបាលស្រុក បានចេញល្បាតកន្លែងភិរក្សជលផលឡូត៍លេខ០៦ នៅពេលយប់។
ក្នុងប្រតិបត្តិការល្បាត កម្លាំងបានប្រទះឃើញជនសង្សយ័មួយក្រុម មានកាណូត០៦គ្រឿង កំពុងលបលួចធ្វើសកម្មភាពនេសាទ ដោយប្រើឧបករណ៍នេសាទអួនអូសទឹកសាប (យ៉ាំងកាវ) និងបានដេញប្រផាប់ប្រភីង តែចាប់មិនបានដោយសារកាណូតរបស់ជនល្មើសមានល្បឿនលឿន រួចបើករត់ចេញទៅដោយបន្សល់ទុកវត្ថុតាងអួនអូសទឹកសាប (យ៉ាំងកាវ) ចំនួន០៣វង់ តែប៉ុណ្ណោះ។
ប្រភពបានបន្តថា ក្រោយមកកម្លាំងបានឯកភាពគ្នាប្រមូលវត្ថុតាងទាំងនោះ ដើម្បីបន្តនីតិវិធី តែនៅពេលកំពុងប្រមូល ស្រាប់តែជនល្មើសបានបើកកាណូតយ៉ាងលឿន សំដៅបំបុកមកលើកាណូតសមត្ថកិច្ច បណ្តាលឱ្យអ្នកបើកបរកាណូតសមត្ថកិច្ចម្នាក់ឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ទាំងយប់ តែដោយស្ថានភាព អ្នកជំងឺធ្ងន់ធ្ងរពេក តម្រូវឱ្យបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងសហការស្រាវជ្រាវ តាមរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕