(ក្រចេះ)៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិខ្មែរខាងមុខនេះ លោក គង់ គឹមនី អភិបាលរងខេត្ត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យ៦គោលដៅទូទាំងខេត្ត ទប់ស្កាត់លំហូរប្រជាពលរដ្ឋមកពីតំបន់នានា ជាពិសេសដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ចូលមូលដ្ឋាន។
លោក គង់ គឹមនី បានចុះត្រួតពិនិត្យគោលដៅឈរជើងសំខាន់ៗ របស់សមត្ថកិច្ចចម្រុះចំនួន២កន្លែង នៅក្នុងស្រុកស្នួល គឺព្រំប្រទល់ស្រុកមេម៉ុត ខេត្តត្បូងឃ្មុំ និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់ សមត្ថកិច្ចចម្រុះនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងនាំយកអំណោយ មួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឱ្យសមត្ថកិច្ចរឹតបណ្តឹងការ អនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ ០០៤សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក គង់ គឹមនី បានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ គ្រប់គោលដៅទាំងអស់ ដោយមានការណែនាំពីលោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯការភាពខេត្ត គឺត្រូវបិទផ្លូវព្រំប្រទល់រវៀងខេត្ត និងខេត្តមួយចំនូនជាបណ្តោះអាសន្ន។ ការហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសគោលបំណងរបស់រាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និង សង្គមជាតិ។
ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។ ចំពោះអ្នកចំណូលស្រុក ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌលចត្តាឡីស័កឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។
នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង២ខាងលើ លោកអភិបាលរងខេត្ត ក៏បាននាំយកសម្ភារមួយចំនួន របស់រដ្ឋបាលខេត្តឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង ២ខាងលើរួមមាន៖ អង្ករ អាល់កុល ម៉ាស ថវិកាចំនួន ១លានរៀលក្នុង១គោលដៅ។
ដោយឡែក លោក គង់ គឹមនី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមដល់គោលដៅទាំង២ ចំនួន២លានរៀលផងដែរ។
សូមបញ្ជាក់ថា ខេត្តក្រចេះ មានរៀបចំកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅគោលដៅដែលមានព្រុំប្រទល់ខេត្ត មានចំនួន ៦គោលដៅក្នុងស្រុក៤ ដែលត្រូវបានបែងចែកអភិបាលរងខេត្តចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅទទួលបានដូចៗគ្នា៕