(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសពព្រះរាជឫទ័យប្រោសព្រះរាជទានគ្រឿងបរិក្ខារពេទ្យជាច្រើនដល់មន្ទីរពេទ្យហ្លួងម៉ែ ដែលទើបតែប្ដូរឈ្មោះពីមន្ទីរពេទ្យស្ត្រីនគរទេព ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បីទ្រទ្រង់ដល់ដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ ក៏ដូចជាការងារសុខាភិបាលផ្សេងទៀត សំដៅចូលរួមជាប្រយោជន៍សម្រាប់ប្រជានុរាស្ត្រជាកូនចៅ-ចៅទួតរបស់ព្រះអង្គ។
ពិធីប្រគល់-ទទួលនេះធ្វើឡើងនារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅព្រះបរមរាជវាំងចតុមុខមង្គល ក្រោមវត្តមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងឧត្តមសេនីយ៍ទោ សោម សោភ័ណ ប្រធានមន្ទីរពេទ្យហ្លួងម៉ែ ព្រមទាំងសហការីមួយចំនួនទៀត។
ព្រះរាជអំណោយទាំងនោះ រួមមាន៖ Medical hat ចំនួន ១០០០, Face Screen ចំនួន ១០០, វ៉ែនតាការពារចំនួន ២០, ម៉ាស់ KN95 ចំនួន ៩០០, Surgical Mask ចំនួន ៩៦០, Protective Suit ចំនួន ៥០, Isolation gown ចំនួន ១៦០, ស្រោមដៃចំនួន ២០០, Plastic booties ចំនួន ៥០, Shoes Cover ចំនួន ១០០០។
លោក គុយ សុផល បានជម្រាបជូនអំពីព្រះរាជហឫទ័យដ៏ថ្លៃថ្លានៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ជាខ្លាំងបំផុត ចំពោះសុខុមាលភាពរបស់ប្រជារាស្ត្រជាកូនចៅ-ចៅទួតរបស់ព្រះអង្គ និងបានជម្រាបជូនផងដែរអំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខក្នុងព្រះរាជហឫទ័យនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យពីអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហ្លួងម៉ែ ជូនថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យបម្រើការងារនៅក្នុងមន្ទីរពេទ្យហ្លួងម៉ែគ្រប់រូបផងដែរ។
ឧត្តមសេនីយ៍ទោ សោម សោភ័ណ ក្នុងនាមថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យហ្លួងម៉ែ បានបង្ហាញសេចក្តីរំភើបរីករាយ និងបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះព្រះមហាករុណាទិគុណនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។
គួររំលឹកថា កន្លងទៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យជាថវិកា ២០ ម៉ឺនដុល្លារអាមេរិក និងសម្តេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យជាថវិកា ២០ ម៉ឺនដុល្លារអាមេរិក តាមរយៈលោក គុយ សុផល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យរួចមកហើយ សម្រាប់ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែនេះឲ្យមានសកម្មភាពយ៉ាងល្អប្រសើរ៕