(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ទទួលបានអំណោយម៉ាស៊ីនវាស់កម្តៅចំនួន១០០ គ្រឿង និងបដាអប់រំអំពីវិធានការ «៣កុំ ៣ការពារ» ចំនួន១០០ផ្ទាំង ពីក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺ។
កម្មវិធីប្រគល់នេះ ត្រូវរៀបចំឡើង ក្រោមអធិបតីភាពលោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន JTI កម្ពុជា ដែលបានចូលរួមចំណែកឆ្លើយតបឲ្យទាន់ពេលវេលានៃសភាពការណ៍បច្ចុប្បន្ន ជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩នេះ។
ក្រសួងយុតិ្តធម៌នឹងធ្វើការបែងចែកឧបករណ៍ និងបដាអប់រំអំពីវិធានការ «៣កុំ ៣ការពារ» ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនទៅបណ្តាអង្គភាពចំណុះក្រសួងយុតិ្តធម៌ និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ដើម្បីប្រើប្រាស់ និងធ្វើការបិទផ្សព្វផ្សាយឲ្យបានទូលំទូលាយ សំដៅចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោក រ៉យ ម៉ាណាលីលី (Roy Manalili) អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បានថ្លែងឲ្យដឹងថា JTI ពេញចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចែករំលែក និងបង្ហាញនូវសណ្តានចិត្តគាំទ្រចំពោះអ្នកជួរមុខដែលលះបង់ និងខិតខំប្រយុទ្ធនឹងការរាតត្បាតដ៏កាចសាហាវមួយនេះ។
លោកបានបញ្ជាក់ថា «គ្រប់ប្រទេសដែល JTI ធ្វើប្រតិបត្តិការ យើងចង់ធ្វើជាចំណែកវិជ្ជមានមួយនៃសហគមន៍ និងជាចំណែកនៃការដោះស្រាយបញ្ហានានាដែលសហគមន៍ជួបប្រទះ។ ក្រៅពីការជួយសហគមន៍ វាជាកាតព្វកិច្ចសំខាន់ណាស់សម្រាប់JTI ដើម្បីធ្វើឲ្យប្រាកដថា បុគ្គលិក JTI ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់មានសុវត្ថិភាព ហើយអាចរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគនេះបាន»។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុន JTI ក៏បានផ្តល់ជាសម្ភារៈការពារខ្លួន ដូចជា ម៉ាស់, អាល់កុលលាងដៃ ព្រមទាំងរបាំងការពារមុខ ជូនដល់បុគ្គលិក ដើម្បីឲ្យពួកគាត់មានអារម្មណ៍ថា ខ្លួនមានសុវត្ថិភាពពេលមកបំពេញការងារ។
សូមរំលឹកថា ក្នុងអំឡុងនៃជំងឺរាតត្បាតនេះកន្លងមក ក្រុមហ៊ុនថែមទាំងបានសហការជាមួយរាជរដ្ឋាភិបាល តាមរយៈការបរិច្ចាគម៉ាស៊ីនវាស់កំដៅជូនដល់ក្រសួងកិច្ចការនារី និងរដ្ឋបាលសាលារាជធានីភ្នំពេញ ក៏ដូចជាសហការជាមួយ អង្គការខ្មែរអភិវឌ្ឍន៍ជនពិការ និង អ្នកក្រីក្រ (ស៊ីអេឌីឌីភី) នៅក្នុងខេត្តកំពត ដើម្បីបណ្តុះបណ្តាលបងប្អូនជនពិការនៅតាមតំបន់ដាច់ស្រយាលឲ្យយល់អំពីរបៀបការពារខ្លួនពីជំងឺកូវីដ ១៩ផងដែរ៕