(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកទឹកចិត្តដល់អាស៊ាន និងចក្រភពអង់គ្លេសឱ្យរិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការលើកទឹកចិត្តរបស់ប្រមុខការទូតកម្ពុជាខាងលើនេះ ធ្វើឡើងក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ (តាមប្រព័ន្ធវីដេអូ) ដែលបានធ្វើឡើងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់វិស័យពាណិជ្ជកម្ម លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អាស៊ាន និងចក្រភពអង់គ្លេសឱ្យរិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចក្រភពអង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)»

ក្នុងអំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់ចក្រភពអង់គ្លេសដែលបានចូលរួមវិភាគទានដ៏សប្បុរសដល់កម្មវិធីកូវ៉ាក់ (COVAX Facility) ដែលក្នុងនោះ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងអាស្រ្ដាហ្សេនីកា (AstraZeneca) ចំនួន ៣២៤.០០០ដូស។

ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវជំនឿជឿជាក់ថា សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ដែលចក្រភពអង់គ្លេសធ្វើជាប្រធាន ក្នុងឆ្នាំ២០២១នេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏ឧត្តមមួយសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការចូលរួមបន្ថែមទៀតជាមួយចក្រភពអង់គ្លេស ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប និងរយៈពេលវែង។

សូមជម្រាបថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ។ សមាសភាព ត្រីភាគី រួមមាន ប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងតំណាង ក៏បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះផងដែរ។

កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស នៅលើវិស័យជាច្រើនដែលជាចំណាប់អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមក។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រោះអាសន្នសុខភាពសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា បញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។ កិច្ចប្រជុំបានអះអាងជាថ្មី អំពីសារសំខាន់នៃពហុភាគីនិយមសម្រាប់ការឆ្លើយតបរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ប្រកបដោយចីរភាព៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖