(សៀមរាប)៖ បឹងពារាំង គឺជាតំបន់ទេសចរណ៍បែបធម្មជាតិមួយមានត្រីពូជ និងសត្វស្លាបកម្រជាច្រើន ដែលអាចទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តជាហូរហែផងដែរ។ ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យអ្នកបើកទូកដឹកទេសចរទស្សនាសត្វស្លាប បាត់ចំណូលប្រចាំថ្ងៃ ហើយពួកគាត់បានត្អូញត្អែរពីបញ្ហានេះ ដែលប៉ះពាល់ដល់ជីវភាពជាខ្លាំង។
លោក អ៊ុន ភារ៉ា ជាសមាជិកសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានប្រាប់ថា ទូកទេសចរណ៍នៅតំបន់នេះ មានចំនួន៩ទូក ហើយចែកជា២ក្រុម។ ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅទីនេះ និយមជិះទូកមើលទេសភាពព្រៃលិចទឹក និងទស្សនាសត្វស្លាបជាច្រើនប្រភេទ ពិសេសក្នុងរដូវប្រាំង។
ក្នុងកាលៈទេសៈនេះ ពុំមានទេសចរច្រើនទេដែលចូលមកកម្សាន្តនៅបឹងពារាំង ដែលចម្ងាយជាង ១០គីឡូម៉ែត្រពីប្រជុំជនក្រុងសៀមរាប។ ការចូលទស្សនាសព្វថ្ងៃ គឺមានតែទេសចរក្នុងខេត្ត ដែលមកជាលក្ខណៈគ្រួសារ និងវេចអាហារមកជាមួយ។ លោក ភារ៉ា បន្ថែមថា ការលក់ដូរវិញ ក៏មិនសូវដាច់ដែរ ដោយសារភ្ញៀវភាគច្រើនដែលមក ភាគច្រើនគេវេចខ្ចប់អាហារពីផ្ទះមកស្រាប់។
លោកបន្តទៀតថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភ:មក គឺស្ងាត់ភ្ញៀវកាន់តែខ្លាំង មានតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ។ អ្នកដែលមកក៏គេមិនសូវជិះទូកដែរ គេគ្រាន់តែមកហូបបាយ និងស្រូបយកខ្យល់អាកាសក្រោមម្លប់ដើមរាំងនៅជាប់មាត់បឹងរួច ក៏ត្រឡប់ទៅវិញ៕