(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកា ៦០ លានរៀល ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកម្មករនិយោជិត។
ពិធីប្រគល់ថវិកានេះបានធ្វើឡើងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមវត្តមានលោក ហេង សួរ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈុន វឌ្ឍន ភក្ដី នាយកអាជីវកម្មសហគ្រាសនៃធនាគារវីង ក្នុងនាមតំណាងអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន។
លោក ឈុន វឌ្ឍន ភក្ដី បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីចូលរួមដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនោះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកស្រី ម៉ៅ ចំណាន ក៏បានសម្រេចចូលរួមឧបត្ថម្ភថវិកា ៦០ លានរៀល ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ទ្រទ្រង់ដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់មន្ត្រីរាជការនៃក្រសួងការងារ ក៏ដូចជាកម្មករ-កម្មការនីក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែក និងសម្ភារធ្វើដំណើរជាដើម»។
លោក ឈុន វឌ្ឍន ភក្ដី បានបន្តថា កន្លងមក អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក៏បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ផងដែរ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អ្នកឧកញ៉ា គិត ម៉េង ក៏បានបញ្ជាក់ដែរថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាត្រូវជឿជាក់ និងការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនពីជំងឺកូវីដ១៩ ពិសេសត្រូវចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផ្តល់ឲ្យដោយរដ្ឋាភិបាលឱ្យបានគ្រប់គ្នា។ អ្នកឧកញ៉ាបានបន្តថា ប្រជាពលរដ្ឋទាំងអស់គ្នា ពិតជាមានសំណាងណាស់ ដែលអាចទទួលបានវ៉ាក់សាំងបានយ៉ាងលឿន ដោយសារកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល។
នាឱកាសទទួលថវិកាពីតំណាងអ្នកឧកញ៉ា គិត ម៉េង នោះ លោក ហេង សួរ បានលើកឡើងថា ថវិកាដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបាននេះ នឹងយកទៅទិញនូវសម្ភារបរិក្ខារចាំបាច់មួយចំនួន សម្រាប់ជួយដល់ក្រុមគ្រូពេទ្យប្រើប្រាស់នៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមតំបន់គោលដៅ ដើម្បីការពារសហគមន៍ពីជំងឺកូវីដ១៩ ក៏ដូចជាជួយឲ្យពួកគាត់មានភាពសុវត្ថិភាពក្នុងការប្រកបការងារប្រចាំថ្ងៃ។
រដ្ឋលេខាធិការប្រចាំការរូបនេះបានបន្តថា ការចូលរួមឧបត្ថម្ភថវិកាពីសំណាក់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន នាថ្ងៃនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្មករ-កម្មការនីក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែក និងសម្ភារធ្វើដំណើរ៕