(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានឆ្លើយតបនឹងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អំពីសិទ្ធិមនុស្សនៅកម្ពុជា ដោយលោកចាត់ទុកថា របាយការណ៍អង្គការនេះគ្មានអ្វីថ្មីនោះទេ ពោលគឺសឹងតែទាំងអស់យកចែញពីការផ្សាយរបស់វិទ្យុបរទេស ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងចម្លងចែកចាយតៗគ្នាពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវីល ក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាព និងហេតុផលសិទ្ធិមនុស្សប៉ុណ្ណោះ។
ការលើកឡើងបែបនេះរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពី អង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២០ ដោយចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរបានរំលោភបំពានទៅលើប្រជាពលរដ្ឋ សង្គមស៊ីវិល អតីតគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ល។
ចំពោះករណីនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងចំនួន ២ចំណុចរួមមាន៖
ទី១៖ «របាយការណ៍របស់ Amnesty International អំពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោលគឺ សឹងតែទាំងអស់យកចែញពីការផ្សាយរបស់វិទ្យុបរទេសដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងចម្លងចែកចាយតៗគ្នាពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវីល ក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាព និងហេតុផលសិទ្ធិមនុស្ស នេះបើពិនិត្យលើឯកសារយោងក្នុងរបាយការណ៍នេះ។
និងទី២៖ ចំណែកឯរបាយការណ៍ និងឯកសារផ្លូវការ ការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលជាសាធារណៈ នាពេលកន្លងមក មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយ។ តើពួកបរទេសទាំងនេះគេចង់បានអ្វីឱ្យពិតប្រាកដ ពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ? សូមជួយឆ្លើយប្រាប់ខ្ញុំផងបងប្អូន»។
ឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នេះ លោក ជិន បានផ្សព្វផ្សាយឡើងវិញនូវរបាយការណ៍ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ឆ្នាំ២០២០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាភាសាខ្មែរ និងអង់គ្លេស ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះ និងធ្វើការកត់សម្គាល់អំពីទិដ្ឋភាព៕