(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ កំពុងបើកការសួរនាំ ទៅលើមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ដែលយាមនៅធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ក្រោយបាញ់ជនបែកថ្នាំម្នាក់បណ្ដាលឲ្យស្លាប់ ពេលដេញចាក់ប្រហារទាំងកម្រោលមកលើខ្លួន។

មើលវិដេអូបាញ់សម្លាប់ក្នុង Channel Telegram Fresh News.

លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញឱ្យដឹងថា គិតត្រឹមវេលាម៉ោង៤រសៀលនេះ លោក សិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរយកចម្លើយលើមន្ដ្រីនគរបាល ភឿន ភិរៈ អាយុ៣៦ឆ្នាំ។ លទ្ធផលសម្រេចយ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយទេ ដោយត្រូវរង់ចាំការសាកសួរត្រូវបិទបញ្ចប់ ហើយការសម្រេចចោទប្រកាន់ ឬទម្លាក់ចោលការចោទប្រកាន់ ជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយអនុលោមទៅតាមយន្តការច្បាប់ ដែលមានចែងជាធរមានរួចមកហើយ។

សូមជម្រាបថា មេធាវី៩រូប មកពីក្រុមហ៊ុនមេធាវី ដ័ន & ដ័ន និងក្រុមហ៊ុនមេធាវីលីហ្គលថោន បានរួមគ្នាការពារក្តីជូនលោក ភឿន ភិរៈ សន្តិសុខធានាគារ ABA ដែលបានជាប់ចោទក្នុងសំណុំរឿងហិង្សាផ្ទុះអាវុធបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅក្រោមស្ពានអាកាសទឹកថ្លា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ៕