(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយបានបញ្ជាក់ថា ទោះបីកម្ពុជាកំពុងជួបវិបត្តិរាតជំងឺកូវីដ-១៩ក្តី តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការរក្សាភាពម្ចាស់ការលើការងារជាអាទិភាពចម្បងចំនួន២ គឺទី១៖ ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងទី២៖ ការក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ នៅឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ អធិបតេយ្យជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងទៅ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលនៅឆ្នាំថ្មី ២០២១នេះ ក្នុងការរក្សាភាពម្ចាស់ការលើការងារជាអាទិភាពចម្បងចំនួន២ គឺទី១៖ ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងទី២៖ ការក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់ភារកិច្ចដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ជៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាននឹងកំពុងយាយីដល់សុខមាលភាពរបស់ប្រជាជន»។
បន្ថែមពីនេះ នៅក្នុងសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ នៅចំពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងយ៉ាងស្រួចស្រាវជាមួយនឹងជំងឺកូវីដ១៩ ដែលកើតមាននៅកម្ពុជា ក៏ដូចជាពិភពលោក។ សម្តេចតេជោ បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងក្នុងការយកឈ្នោះលើជំងឺកូវីដ១៩ ដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុខភាពសាធារណៈ។ ជាពិសេសការប្រឹងប្រែងរក្សាស្ថេរភាពសង្គម ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរពីជំងឺនេះជាដើម។
តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ អធិបតេយ្យជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងទៅ»។
ក្រៅពីការប្តេជ្ញាចិត្តការពារនូវការងារអាទិភាពចម្បងចំនួន២នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការកែទម្រង់ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងធ្វើកំណែទម្រង់វិជ្ឈការ និងសហវិម្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានម នុស្ស ការកែលម្អប្រព័ន្ធអប់រំ ឱ្យកាន់តែមានគុណភាពខ្ពស់ ដោយផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចឌីជីថលបដិវត្តន៍ឧស្សាហកម្មទី៤ ទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បន្តលើកម្ពស់ប្រព័ន្ធគាំពារសង្គម លើកកម្ពស់គុណភាពសេវាសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនី បន្តពង្រឹងបណ្តាញចែកចាយថាមពលអគ្គិសនីឱ្យបានគ្របដណ្តប់នៅទូទាំងប្រទេស ជាពិសេសនៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។
ក្នុងសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តកម្កល់ផលប្រយោជន៍ជាតិ ប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈមហានិភ័យ និងឧបសគ្គទាំងឡាយសំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម៕