(ភ្នំពេញ)៖ ដូចអ្វីដែលបានសន្យា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William A.Heidt A និងភរិយា នៅថ្ងៃទី៣ ខែមីនានេះ បានអញ្ជើញធ្វើទស្សនកិច្ច នៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងស្រុកព្រៃនប់ ខេព្រះសីហនុ។
ឧកញ៉ា ម៉ុង ឫទ្ធី តាមរយៈ Facebook របស់លោក បានសរសេរថា ក្រៅធ្វើទស្សនកិច្ចចំការដូងប្រេង លោកឯកអគ្គរដ្ឋទូត និងភរិយា អញ្ជើញទៅធ្វើទស្សនកិច្ច នៅភូមិឫទ្ធី៥ សាលារៀនថ្មី ដោយក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានចែកនំចំណី និងសាកសួរសុខទុក្ខ ដល់ប្រជាជន និងកុមាដែលរស់នៅតំបន់នោះផងដែ។ បន្ទាប់មក លោកឯកអគ្គរដ្ឋទូត ពិនិត្យមើលសាលាកសិកម្ម ម៉ុង ឫទ្ធី ចំការម្រេច ចំការស្វាយអៃវិន កសិដ្ឋានចិញ្ចឹមជ្រូក ការហូបចុកប្រចាំថ្ងៃ របស់បុគ្គលិកកម្មករ និងម៉ាស៊ីនភ្លើង កម្លាំង១២៥០គីឡូវ៉ាត់ ដើរដោយថាមពលលាមកជ្រូកផងដែរ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរទៀថា «មុនពេលបែកគ្នាភរិយាខ្ញុំ បាននាំភ្ញៀវចូលមើលផ្ទះប្រហុកចំនួនជិតបីពាន់គីឡូក្រាម រួចហើយក៏បានជូនប្រហុកមួយក្រឡ និងទឹកត្រីមួយដប ផ្លែស្វាយមួយចំនួន ទុកជាអនុស្សាវរីយ៍ ព្រមទាំងបានរៀបចំអាហាថ្ងៃត្រង់ មួយពេលហូបរួមគ្នាផងដែរ។ មុនពេលចាប់ដៃលាគ្នា ឯកអគ្គរដ្ឋទូត William និងលោកជុំទាវ បានថ្លែងអំណរគុណចំពោះកាយវិការ ទន់ភ្លន់ទទួលរាក់យ៉ាងកក់ក្ដៅនេះ»។
សូមជម្រាបថា ឯកអគ្គរដ្ឋរបស់អាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt ដែលទើបចូលកាន់តំណែងនាពេលថ្មីៗ ក្នុងពិធីជប់លៀងមួយ នៅផ្ទះស្ថានទូតអាមេរិក កាលល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ បានថ្លែងកោតសរសើរពីស្នាដៃរបស់ឧកញ៉ា ម៉ុង ឫទ្ធី ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ព្រមទាំងមានទឹកចិត្តសម្បុរសជួយ ដល់ជនក្រីក្រ ហើយក៏ចង់ទៅលេងតំបន់អភិវឌ្ឍរបស់លោកផងដែរ៕