(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសពីលទ្ធផលនៃកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ (តាមប្រព័ន្ធវីដេអូ) ដែលបានធ្វើឡើងថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ។ សមាសភាព ត្រីភាគី រួមមាន ប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងតំណាង ក៏បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះផងដែរ។
កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស នៅលើវិស័យជាច្រើនដែលជាចំណាប់អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមក។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រោះអាសន្នសុខភាពសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា បញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។ កិច្ចប្រជុំបានអះអាងជាថ្មី អំពីសារសំខាន់នៃពហុភាគីនិយមសម្រាប់ការឆ្លើយតបរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ប្រកបដោយចីរភាព។
លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស បានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពីគំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាត និងការចូលរួមចំណែករបស់ចក្រភពអង់គ្លេសចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ និងទប់ស្កាត់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីភាពចាំបាច់ដើម្បីធានាថា វិថីឆ្ពោះទៅរកការស្ដារឡើងវិញនូវសេដ្ឋកិច្ច-សង្គម មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពភពផែនដីឡើយ។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជម្រាបជូនដោយសង្ខេបអំពីអាទិភាពរបស់ចក្រភពអង់គ្លេស ក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួល អាកាសធាតុលើកទី២៦ (COP26) ផងដែរ។
អាស៊ានបានលើកទឹកចិត្តចក្រភពអង់គ្លេសឱ្យពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន និងប្រទេសជាសមាជិករបស់ខ្លួន ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការចូលរួមវិភាគទានរបស់ចក្រភពអង់គ្លេសចំនួន ១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺ កូវីដ-១៩។ អាស៊ាន ក៏បានស្វែងរកការគាំទ្របន្ថែមទៀតផងដែរ ពីចក្រភពអង់គ្លេសដល់គំនិតផ្តួចផ្តើម ផ្សេងៗទៀតរបស់អាស៊ាន ដើម្បីដោះស្រាយការរាតត្បាតជំងឺកូវីដ-១៩នេះ រួមមាន ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី (ACPHEED) នៅពេលណាដែលគំនិតផ្ដួចផ្ដើមនេះត្រូវបានបង្កើតឡើង។
អង្គប្រជុំបានកត់សម្គាល់សំណើរបស់ចក្រភពអង់គ្លេស សុំបង្កើតភាពជាដៃគូសន្ទនាជាមួយអាស៊ាន។
ក្នុងអំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់ចក្រភពអង់គ្លេសដែលបានចូលរួមវិភាគទានដ៏សប្បុរសដល់កម្មវិធីកូវ៉ាក់ (COVAX Facility) ដែលក្នុងនោះ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងអាស្រ្ដាហ្សេនីកា (AstraZeneca) ចំនួន ៣២៤.០០០ដូស។
សម្រាប់វិស័យពាណិជ្ជកម្ម លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អាស៊ាន និងចក្រភពអង់គ្លេសឱ្យរិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចក្រភពអង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)។
ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវជំនឿជឿជាក់ថា សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ដែលចក្រភពអង់គ្លេសធ្វើជាប្រធាន ក្នុងឆ្នាំ២០២១នេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏ឧត្តមមួយសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការចូលរួមបន្ថែមទៀតជាមួយចក្រភពអង់គ្លេស ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប និងរយៈពេលវែង៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖