(កំពង់ឆ្នាំង)៖ «ផ្សារពង្រ» ដែលស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានបើកឲ្យដំណើរការឡើងវិញហើយ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីលទ្ធផលធ្វើតេស្តលើកចុងក្រោយ «អវិជ្ជមាន» ចំពោះមនុស្សទាំង ២២៩នាក់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹង ២នាក់ប្តីប្រពន្ធកើតកូវីដ១៩ ដែលជាអ្នករាជធានីភ្នំពេញ។
ការបិទផ្សារពង្រ កើតឡើងដោយសារពាក់ព័ន្ធនឹងពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ ដែលមានកូវីដ១៩ និងបានមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ មានមនុស្សចំនួន ២២៩នាក់ បានពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះ ១១នាក់ បានពាក់ព័ន្ធដោយផ្ទាល់។
លោកវេជ្ជបណ្ឌិត គង់ ចន័្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះថា លទ្ធផលតេស្តអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយពីរនាក់ប្ដីប្រពន្ធ មានផ្ទុកមេរោគកូវីដ-១៩ នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្កកំពង់ឆ្នាំង «អវិជ្ជមាន» ទាំងអស់។
ចំពោះផ្សារពង្រដែលបានបិទអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ លោកអភិបាលស្រុករលាប្អៀរ បានបញ្ជាក់ដែរថា បន្ទាប់ពីធ្វើតេស្តលើកចុងក្រោយ លើអ្នកពាក់ព័ន្ធដោយទទួលបានលទ្ធផល «អវិជ្ជមាន» ទាំងអស់គ្នាហើយ ផ្សារនេះត្រូវបានលោកអភិបាលខេត្តកំពង់ឆ្នាំង អនុញ្ញាតឲ្យបើកដំណើរការឡើង វិញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ៕