(ភ្នំពេញ)៖ លោក កឹម សុខា និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានព្យាយាមមិនបកស្រាយ ជុំវិញការផ្ទុះរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សម្លេង ដែលគេបង្ហោះនៅលើទំព័រ Facebook រយៈពេលប៉ុន្មានថ្ងៃមុន រហូតដល់ពេលនេះ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបដិសេធមិននិយាយអ្វីសោះ នៅចំពោះមុខអ្នកសារព័ត៌មាន ដែលរង់ចាំសម្ភាសន៍រូបលោក ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង២៥ រាជធានី-ខេត្ត នៅស្នាក់ការគណបក្សសង្រ្គោះជាតិ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនជជែកវែកញែកជុំវិញរឿង ខ្សែអាត់សម្លេងនេះនោះទេ។ លោកចាត់ទុកថា ការលេចចេញនូវខ្សែអាត់សម្លេងនោះ គឺជារឿងខុសនឹងមូលដ្ឋានច្បាប់។ លោកថា យ៉ែម បុញ្ញឫទ្ធិ និយាយថា «នៅលើឯកសារមួយដែលគ្មានមូលដ្ឋានច្បាប់ផង យើងទៅជជែកនាំខាតពេលអត់ប្រយោជន៍...សំខាន់គឺយុទ្ធសាស្រ្ត ដែលយើងបានកំណត់ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរដោយវិជ្ជមាន ដូច្នេះរយៈពេលនៅសល់១ឆ្នាំ យើងត្រូវការពេលវេលាគិតគូររៀបចំច្រើនមែនទែន»។
លោកបានបន្ថែមថា «មូលដ្ឋានច្បាប់វាខុសច្បាប់បាត់ទៅហើយ ទោះពិតមិនពិតក្តី យើងគ្មានពេលវេលាទៅធ្វើការសិក្សា ទៅលើមូលដ្ឋានមួយដែលមិនមានគតិយុទ្ធ ជាផ្លូវច្បាប់ ជាផ្លូវការទេ» ។
សូមបញ្ជាក់ថា ៣-៤ថ្ងៃកន្លងទៅនេះ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មី នៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីមានការបែកធ្លាយសម្លេងសាងសងស្នេហាមួយ រវាងបុរសម្នាក់ ដែលគេជឿថាជាសម្លេងរបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងឈ្មោះ «ស្រីមុំ»។ សម្លេងខ្សែអាត់នោះបង្ហាញថា ភាគីខាងប្រុសដែលគេសន្និដ្ឋានថាជា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ បានណាត់នារីវ័យក្មេងម្នាក់ ដែលគេ ទៅដើរលេងនៅក្រៅប្រទេស និយាយអំពីរឿងលើគ្រែ ព្រមទាំងមានការផ្តល់លុយជូនស្រីកំណាន់ផងដែរ ។ សម្លេងនេះដំបូងឡើយត្រូវបានបែកធ្លាយនៅលើ Facebook មួយឈ្មោះស្រីមុំ ហើយត្រូវបានសារព័ត៌មាននានាយកទៅចុះផ្សាយ ជាបន្តបន្ទាប់ប្រៀបបីដូចជា វីដេអូភាគយ៉ាងជក់ចិត្ត៕
មន្រ្តីជាន់ខ្ពស់សង្គ្រោះជាតិ ព្យាយាមមិនបកស្រាយជុំវិញការផ្ទុះឡើងនូវរឿងអាស្រូវស្នេហា
Posted by Fresh News on Thursday, March 3, 2016