(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រួមជាមួយកងកម្លាំងទាំងបីអង្គភាព និងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក បានចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅព្រំប្រទល់ខេត្តទាំងពីរចំណុច ក្នុងភូមិសាស្ត្រស្រុកកោះញែក និងស្រុកកែវសីមា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
នាឱកាសនោះ លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា ការចុះត្រួតពិនិត្យគោលដៅជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យសមត្ថកិច្ចរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់គណ:បញ្ជាការឯកភាពស្រុកហាមឃាត់ការជួបជុំ ការរៀបចំពិធីផ្សេងៗ រួមទាំងពិធីនៅតាមវត្តអារាម និងណែនាំឱ្យរមណីយដ្ឋាននានា ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ចំពោះអ្នកចំណូលស្រុក ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌលចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
អភិបាលខេត្តបានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាលគិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតប្រជាពលរដ្ឋ និងសង្គមជាតិ។
លោក ស្វាយ សំអ៊ាង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។
លោកអភិបាលខេត្តក៏បាននាំយកសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ទឹកក្រូច អាល់កុល ម៉ាស់ ថវិការចំនួន ២លានរៀល ក្នុង១គោលដៅ។ ដោយឡែក លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ដល់សមត្ថកិច្ចឈរជើងនៅគោលដៅស្រុកកោះញែក តាមរយៈលោកស្នងការខេត្តផងដែរ។
បន្ទាប់ពីការចុះពីត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចនៅចំណុចខាងលើ លោក ស្វាយ សំអ៊ាង បាននាំយកបច្ច័យចំនួន ១ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តដេអេ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តអារាមផងដែរ៕