(ក្រចេះ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយនគរបាលព្រហ្មទណ្ឌស្រុកឆ្លូង ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ លន់ សុផាត នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបទីតាំងជល់មានមួយដ៏ធំ ស្ថិតនៅខាងក្រោយសាលាឃុំកញ្ជរ ដោយដកហូតម៉ូតូ៨គ្រឿង មាន់ជល់៨ក្បាល និងសម្ភារៈសម្រាប់លេងបញ្ជល់មាន់មួយចំនួន ខណ:អ្នកញៀនល្បែងជល់មាន់ជាច្រើននាក់ បាននាំគ្នារត់បាតជើងសព្រាត។
មន្រ្តីនគរបាលខេត្តក្រចេះ បានប្រាប់ Fresh News ថា កាលពីពេលថ្មីៗនេះ ស្នងការនគរបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការលើកិច្ចការពារសន្តិសុខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនកងកម្លាំងរបស់ខ្លួន ដោយបញ្ជាឲ្យចុះបង្ក្រាបល្បែងសីុសងគ្រប់ប្រភេទ និងបទល្មើសនានាដែលកើតមានឡើង ហើយបើបង្ក្រាបមិនបានទេ គឺនគរបាលប៉ុស្តិ៍និងនគរបាលក្រុងស្រុកត្រូវទទួលខុសត្រូវខ្លួនឯង។
ក្រោយទទួលបានបទបញ្ជាពីលោកស្នងការរួចមក កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចុះបង្ក្រាបទីតាំងជល់មាន់ដ៏ធំមួយនេះ នៅចំងាយជាង២០គីឡូម៉ែត្រពីផ្លូវជាតិ តែដោយសារភូមិសាស្រ្តធំពេក និងសុទ្ធតែព្រៃនោះ អ្នកដែលលេងល្បែងជាច្រើននាក់ បាននាំគ្នារត់គេចខ្លួនទាំងព្រលឹងចុងសក់ បន្សល់ទុកម៉ូតូ ស្បែកជើង និងសម្ភារៈជាច្រើនផងដែរ។ ក្រោយការចុះបង្ក្រាបរួច សម្ភារៈដែលជាវត្ថុតាងទាំងនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការចាត់ការតាមនីតិវិធី។
សម្រាប់បទល្មើសទាំងនេះលោកឧត្តមសេនីយ៍បានបន្តដាក់ផែនការដល់កងកម្លាំងរបស់ខ្លួនកាន់តែខ្លាំងឡើង ដើម្បីចូលរួមរក្សាគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងស្វែងរកសន្តិសុខជូនប្រជាពលរដ្ឋ តារយ:ការកាត់បន្ថយបទល្មើសនានាដូចជា គ្រឿងញៀន ចោរកម្ម ប្លន់ ជាដើម៕