Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព អនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ខេត្ត

07-04-2021 18:34

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ផ្សព្វផ្សាយបែងចែកតួនាទីភារកិច្ច ដើម្បីអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានណែនាំឲ្យគ្រប់វត្តអារាមត្រូវរៀបចំឲ្យមានការវាស់កំដៅ បាញ់អាកុលនិ ងលាងដៃជាមួយជែល ឬសាប៊ូ នៅមុខច្រកចេញចូលសាលាឆាន់ព្រះវិហារ និងកុដិជាដើម មិនអនុញ្ញាតឲ្យពុទ្ធបរិស័ទ ដែលមិនពាក់ម៉ាសយកចង្ហាន់ប្រគេនព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិដើម។

ជាងនេះទៀត ត្រូវរៀបចំទីតាំងទទួលពុទ្ធបរិស័ទ ដែលយកចង្ហាន់ប្រគេនព្រះសង្ឃ ត្រូវរក្សាគម្លាតសុវត្ថិភាពជៀសវាង ការប្រមូលផ្ដុំមនុស្សច្រើន។ ត្រូវកំណត់ពុទ្ធបរិស័ទ ចូលក្នុងព្រះវិហារសាលាឆាន់និងកុដិនីមួយៗ តាមទំហំ និងបរិវេណទីតាំង ជៀសវាងការប្រមូលផ្ដុំមនុស្សច្រើន និងត្រូវរក្សាគម្លាត សុវត្ថិភាពបុគ្គល ដែលត្រូវរៀបចំវេនចេញចូលពុទ្ធបរិស័ទនាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ និងមិនអនុញ្ញាតឲ្យពុទ្ធបរិស័ទនៅបង្អែបង្អង់ជួបជុំ សំណេះសំណាល ដើម្បីទុកពេល និងទីកន្លែងឲ្យពុទ្ធបរិស័ទបន្តដើម្បីកាត់បន្ថយជាអតិបរមានូវឱកាស នៃការឆ្លងជំងឺកូវីដ១៩។ ជាងនេះទៀត ត្រូវបាញ់ថ្នាំសម្លាប់មេរោគមុនពេល និងក្រោយពីការជួបជុំពុទ្ធបរិស័ទ។

លោកអភិបាលខេត្ត ក៏បានដាក់ចេញវិធានការរដ្ឋបាលមួយ ដោយសម្រេចផ្អាកទីតាំងរមណីយដ្ឋាន ទេសចរណ៍ រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ទីសាធារណៈដែលមានសភាពអ៊ូរអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនរយៈពេល២ សប្តាហ៍ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី២១ ខែមេសា នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។

ក្រោយពីកិច្ចប្រជុំរួចមក លោក អ៊ុំ រាត្រី បានចុះពិនិត្យស្ថានភាព ការហាមឃាត់អ្នកធ្វើដំណើរឆ្លងកាត់ពីរខេត្តមួយ ដែលមាន០៨គោលដៅ កងកម្លាំងឈរជើង និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន៨០ម៉ឺនរៀល៕