(រតនគិរី)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចុះពិនិត្យការដ្ឋានកាត់កំណាត់ផ្លូវជាតិលេខ ៧៨-៥ ចេញពីស្រុកអូរជុំឆ្ពោះទៅស្រុកតាវែងប្រវែង៨គីឡូម៉ែត្រ ដោយមានការចូលរួមពីមេបញ្ជការកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, លោកប្រធាន, អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន ប្រាប់ឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៨-៥ ដែលបើកការដ្ឋានកាត់ជួសជុលនេះ ស្ថិតត្រង់ចំណុចភ្នំវែងចន្លោះគីឡូម៉ែត្រ២៩+៥៥០ ដល់គីឡូម៉ែត្រ៣៧+៥៥០(ស្រុកអូរជុំទៅស្រុកតាវែង) ខេត្តរតនគិរី ដែលមានប្រវែង៨គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ។

លោកប្រធានមន្ទីររូបនេះបញ្ជាក់ឲ្យដឹងទៀតថា ទោះបីជាប្រទេសជាតិកំពុងជួបប្រទះវិបត្តិ នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ យ៉ាងណាក្តីក៏រាជរដ្ឋាភិបាលនៅតែខ្នះខ្នែងខំស្វែងរកកញ្ចប់ថវិកាក្នុងការកាត់កំណាត់ផ្លូវជួសជុលកសាងផ្លូវ ដើម្បីជាដំណោះស្រាយនូវផលលំបាក និងទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានកាត់កំណាត់ផ្លូវជួសជុលខាងលើនេះដែរលោក ថង សាវុន បានថ្លែងការកោតសរសើរដល់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានយកចិត្តទុកដាក់អនុវត្តការងារតាមបទដ្ឋានបច្ចេកទេស ទោះបីទីតាំងខាងលើមានភ្នំខ្ពស់ដែលជាឧបសគ្គដល់ក្រុមស្ថាបនាផ្លូវក្តី។

បន្ទាប់មកលោក ថង សាវុន បានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងធ្វើការណែនាំពីវិធានការបង្ការការរីករាលដាលជំងឺកូវី១៩ ដល់បងប្អូនជាអាជីវករ៧២នាក់ លក់ដូរក្នុងផ្សារទីរួមស្រុកតាវែង កំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ»