(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្ដីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ក្រសួងទេសចរណ៍ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងអង្គភាពក្រោមឱវាទ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២១។
យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ស.ស.យ.ក រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងអង្គភាពក្រោមឱវាទរបស់ខ្លួន សរុបចំនួន ៨៣៦នាក់។
ទន្ទឹមនឹងនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងអង្គភាពក្រោមឱវាទនេះ គឺដើម្បីធានាសុខមាលភាពរបស់មន្ត្រីរាជការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងដើម្បីធានាបាននូវការបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
លោករដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានទទួលបាននូវវ៉ាក់សាំងរួចរាល់ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ» និង «៣កុំ» ដើម្បីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕