(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា ខ្លួនរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ ជាជាងអ៊ុតសក់នៅហាងពិសីកាត់សក់បុរសនារី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០១ ផ្លូវលេខ១៤៦ សង្កាត់ផ្សារប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាមួយនឹងការរកឃើញវិជ្ជមានកូវីដ១៩នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅទទួលសេវា កាត់សក់ អ៊ុតសក់ ឬសេវាផ្សេងៗ ពីហាងពិសីកាត់សក់បុរសចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កន្លងមក ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយទ្បែក និងតាមដានសុខភាពរបស់ខ្លួនរយះពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែអ្នកបានប៉ះពាល់ ឫទៅទីកន្លែងនោះ។ នេះបើតាមអនុគណៈកម្មការដដែល។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា មានករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩១៥ករណី ក្នុងនោះមានអ្នកស្លាប់ ២២នាក់ និងអ្នកជាសះស្បើយឡើងវិញ ១៨២៤នាក់៕