(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ប្រមាណ ១,៣៦៤នាក់រួចហើយ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់។ យុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីក្នុងក្របខណ្ឌក្រសួងពាាណិជ្ជកម្មនេះ បានចាប់ផ្តើមនៅថ្ងៃទី០៣ ខែមេសា និងបិទបញ្ចប់នៅថ្ងៃទី០៦ ខែមេសា ម្សិលមិញនេះ។
ក្នុងឱកាសអញ្ជើញចូលរួមបិទយុទ្ធនាការចាក់វ៉ាក់សាំង លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សដែលជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
លោកបន្តថា វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់បានរាប់សិបលាននាក់ទៅហើយ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏ដូចជាមន្ត្រីរាជការក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជួរមុខ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
លោក ប៉ាន សូរស័ក្តិ បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ ត្រូវបន្តតាមដានពិនិត្យសុខភាព ត្រៀមលក្ខណៈដើម្បីចាក់លើកទី២ និងត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការ «បីកុំ និងបីការពារ»៕