(ភ្នំពេញ)៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីថ្លែងការណ៍រួម ដោយដាក់ចេញការអន្តរាគមន៍បន្ថែម ដើម្បីគាំពារដល់អតិថិជន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។
សេចក្តីថ្លែងការណ៍រួមរបស់សមាគម បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការរៀបចំឥណទានឡើងវិញ ព្រមទាំងការបន្ធូរបន្ថយ និងការអនុគ្រោះផេ្សងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា និយ័តករ និងអាជ្ញាធរពាក់ព័ន្ធ។
គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។ ការរៀបចំឥណទានឡើងវិញត្រូវធ្វើឡើង អាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀតក្នុងអំឡុងពេលដែលវិបត្តិនេះមិនទាន់បញ្ចប់នៅឡើយ។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងកន្លងមកសង្កេតឃើញថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ជាថ្មីបន្ថែមទៀត ដោយចំនួនអ្នកឆ្លង និងអ្នកប្រឈមការឆ្លងមានចំនួនកាន់តែកើនឡើង។
ដោយយើងសង្កេតឃើញអំពីផលប៉ះពាល់នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) គ្រឹះស្ថានសមាជិកទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានពេញលេញ នូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ ក្នុងការរៀបចំឥណទានឡើងវិញ ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនរបស់ខ្លួនទទួលបានការគាំពារ និងអនុគ្រោះក្នុងអំឡុងពេលដ៏លំបាកនេះ។
ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះ សមាគមទាំងពីរ សូមដាក់ចេញនូវគោលការណ៍បន្ថែមដូចខាងក្រោម ៖
១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
៣. បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩
៤. បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជន ដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។
៦. ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជន ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។
សូមជម្រាបថា ការរៀបចំឥណទានឡើងវិញ អាចធ្វើតាមយន្តការមួយចំនួនរួមមាន៖ ទី១. ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ទី២. ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម ទី៣. ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ទី៤. ការពន្យារឥណទានប្រតិទាន, ទី៥. ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន ៦. ការផ្លាស់ប្តូរពីឥណទាន មានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ហើយ ទូទាត់សងប្រាក់ដើមទាំងអស់ នៅឥណប្រតិទាន ៧. ការលើកលែង ឬបន្ថយទ្រព្យធានា ៨. ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង ៩. ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់ ៦ (ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
សូមបញ្ជាក់ផងដែរថា គ្រប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ មានរចនាសម្ព័ន្ធគ្រប់គ្រងប្រភពទុនប្រហាក់ ប្រហែលគ្នា គឺទុនផ្ទាល់របស់ភាគទុនិក ប្រមាណជា ១៥ភាគរយ ទុនមកពីកម្ចីរយៈពេលវែងនៅក្នុងស្រុក និងបរទេស ប្រមាណជា១៥ភាគរយ (ធនាគារក៏ជាកូនបំណុលផងដែរ) និងទុនបានមកពីអតិថិជន និងសាធារណជនដែលបានដាក់ប្រាក់បញ្ញើសន្សំប្រមាណជា ៧០ភាគរយ។
វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ប្រៀបបាននឹងឆ្នឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដូច្នេះគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ មានកាតព្វកិច្ចអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងគោលការណ៍ទាំងឡាយឲ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាថាគ្រឹះស្ថាននឹងនៅតែមានស្ថានភាពរឹងមាំគ្រប់កាលៈទេសៈ ដើម្បីបម្រើសេវាហិរញ្ញវត្ថុ តាមតម្រូវការជូនដល់អតិថិជន ព្រមទាំងទទួលខុសត្រូវយ៉ាងពេញលេញ រាល់កាតព្វកិច្ច ចំពោះដៃគូដែលបានផ្តល់កម្ចីដល់គ្រឹះស្ថាន ភាគទុនិករបស់ខ្លួន និងអតិថិជន ព្រមទាំងសាធារណជន ដែលកំពុងដាក់ប្រាក់បញ្ញើសន្សំជាមួយគ្រឹះស្ថានរបស់ខ្លួន។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាសហការធ្វើការជាមួយគ្នាក្នុងភាពជាដៃគូ ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ប្រាក់កម្ចីផ្ទាល់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ ដើម្បីការពារ និងគាំទ្រដល់ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិឲ្យនៅតែមានភាពរឹងមាំក្នុងការបម្រើសេវា និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកមួយនេះ៕