(បាត់ដំបង)៖ រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានករណីភ្លៀងធំលាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើង នៅក្នុងភូមិចំនួន៤៤ ឃុំចំនួន១៦ ក្នុងស្រុកចំនួន ៨ ដែលបណ្តាលឱ្យមនុស្សចំនួន២នាក់ត្រូវបាត់បង់ជីវិតដោយសាររន្ទះបាញ់ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១៩១ខ្នងផ្ទះទៀតរលំខូចខាត។
លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសចុះវាយតម្លៃពីគ្រោះថ្នាក់ធម្មជាតិមួយនេះនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យ ដឹងថា ភ្លៀងមួយមេធំលាយឡំដោយខ្យល់កន្រ្តាក់នេះ បណ្តាលឱ្យប៉ះពាល់លើក្នុងភូមិចំនួន៤៤ ឃុំចំនួន១៦ ក្នុងស្រុកចំនួន៨ នៃខេត្តបាត់ដំបងរួមមាន៖ ស្រុកបាណន់ប៉ះពាល់សរុបចំនួន១០៩ខ្នងផ្ទះ, ស្រុកសង្កែចំនួន៣០ខ្នងផ្ទះ, ស្រុកគាស់ក្រឡចំនួន៨ខ្នងផ្ទះ, ស្រុកថ្មគោលចំនួន២ខ្នងផ្ទះ, ស្រុករតនមណ្ឌលចំនួន៦ខ្នងផ្ទះ, ស្រុកកំរៀងចំនួន ១៧ខ្នងផ្ទះ និងស្រុកភ្នំព្រឹកចំនួន ២ខ្នងផ្ទះ នឹងបណ្តាលឱ្យរន្ទះបាញ់ស្លាប់មនុស្សចំនួន២នាក់ផងដែរ។
លោក យ៉ាន ឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ ខេត្តបាត់ដំបងបានទទួលរងនូវ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសរុប១៩១ខ្នង ក្នុងនោះ របើកដំបូលធ្ងន់ធ្ងរចំនួន ៣៥ខ្នង មធ្យមចំនួន ៧៦ខ្នងផ្ទះ និងស្រាលចំនួន ៨០ខ្នងផ្ទះ និងរន្ទះបាញសម្លាប់មនុស្សចំនួន ២នាក់ក្នុងស្រុកភ្នំព្រឹក និងងាប់គោ២ក្បាល នៅស្រុកបាណន់។
គូបញ្ជាក់ថា ចំពោះគ្រួសាររងគ្រោះខាងលើកសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រុង បានសហកាជាមួយក្រុមការងារចុះជួយមូលដ្ឋាន នឹងឆ្លើយតបជាបន្តបន្ទាប់ មិនទុកឱ្យប្រជាពលរដ្ឋណាមួយដោយមិនយកចិត្តទុកដាក់នោះឡើយ និងនាំអំណោយចែកជូនតាមក្រោមផងដែរ៕