(សៀមរាប)៖ ជនសង្ស័យជាស្ត្រីមានផ្ទៃពោះ ៧ខែម្នាក់ ដែលបានច្របាច់មាត់ជនរងគ្រោះ និងញាត់ក្រដាស ហើយចាក់កាវ៥០២ រួចដោះយកខ្សែក ១តម្លឹង គឺជាអំពើកើតចេញពីគំនុំជាលក្ខណៈគ្រួសារ កាលពី២ឆ្នាំមុន។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលបានចុះដោយផ្ទាល់ស្រាវជ្រាវមុខសញ្ញានេះ បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តសៀមរាបឲ្យដឹងថា នេះជាករណីលួចមានស្ថាទម្ងន់ទោស ដែលបានកើតឡើងកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី នៅចំណុច ភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ យ៉ម រួម ភេទស្រី អាយុ ៦៧ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកបានបញ្ជាក់ថា ពេលកើតហេតុឈ្មោះ យ៉ម រួម បាននៅផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង ១២៖៣០នាទី ថ្ងៃខែឆ្នាំដដែល គាត់បានស្ដារពាងទឹករបស់គាត់ ដើម្បីឲ្យគេដឹកទឹកមកដាក់ឲ្យ។ ពេលគាត់ស្ដារពាងរួច គាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់ផ្លូវ។
ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ហើយចាក់កាវ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលឲ្យជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន ១តម្លឹង រួចរត់គេចខ្លួនបាត់។
រហូតដល់ថ្ងទី០៦ ខែមេសា ឆ្នាំ២០២១ ខាងកម្លាំងនគរបាល បានស៉ើបអង្កេតស្រាវជ្រាវរកឃើញមុនសញ្ញាជនសង្ស័យឈ្មោះ គុណ ហួច ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាវ ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែក ដែលជនរងគ្រោះពាក់ពិកប្រាកដមែន។ មូលហេតុដែលគាត់ប្រព្រឹត្តបទល្មើសនេះ ដោយសារចេញពីគំនុំជាលក្ខណៈគ្រួសារ កាលពី២ឆ្នាំមុន។
ចំពោះករណីនេះ លោកបានបញ្ជាឲ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ខណៈជនសង្ស័យពេលនេះ កំពុងមានផ្ទៃពោះ ៧ខែ៕