(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមបណ្តាកងឯកភាព ស្ថាប័ន នៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។
សេចក្តីណែនាំដដែលបញ្ជាក់ថា អនុវត្តតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ណែនាំ ដល់មេបញ្ជាការ ប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដូចខាងក្រោម៖
១៖ រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺ និងសម្ភារៈពេទ្យចាំបាច់មួយចំនួន។
២៖ រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ -១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។
៣៖ បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែក នៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។
៤៖ យោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ ទៅចាក់វ៉ាក់សាំង ជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់ លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវ ត្រួតពិនិត្យយោធិនណាដែលមិនទាន់បានចាក់វ៉ាក់សាំង និងមិនត្រូវវបានអនុញ្ញាតឱ្យចូលក្នុងមូលដ្ឋានកងទ័ព។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។ ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គម នាព្រឹកថ្ងៃទី០៦ ខែមេសា សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល៕