(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវី១៩ ថ្មីរហូតដល់៩១នាក់ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៩០នាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញ និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយមានចំនួន៣០នាក់។
ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៩១នាក់ មានម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ និង៩០នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាន៖ នៅរាជធានីភ្នំពេញ ៧៨នាក់ ខេត្តស្វាយរៀង៣នាក់ ខេត្តតាកែវ៤នាក់ ខេត្តពោធិ៍សាត់ម្នាក់ ខេត្តព្រៃវែងម្នាក់ ខេត្តប៉ៃលិនម្នាក់ ខេត្តកំពង់ចាមម្នាក់ និងខេត្តត្បូងឃ្មុំម្នាក់។
ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៣០នាក់វិញ ក្នុងនោះមានអ្នកដំណើរមកពីក្រៅប្រទេសម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី និង២៩នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់, អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕