(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានថ្លែងតាមរយៈសារពិសេសមួយ ដោយប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ថា ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ គឺមានមន្រ្តី២ប្រភេទ គឺទី១ អ្នកដែលចង់ចាក់វ៉ាក់សាំងឱ្យបានលឿន ដើម្បីការពារខ្លួន និងមួយទៀត ជាមន្រ្តីដែលគេចវេសមិនចង់ចាក់វ៉ាក់សាំង។
សម្តេចបានបញ្ជាក់ដូច្នេះថា «ពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង ជាពិសេសជំហានដំបូងនេះ គឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលរបស់យើងទាំងអស់»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនចង់ឱ្យដល់ស្ថានភាពលំបាកហើយ ទើបធ្វើការស្រោចស្រង់នោះទេ។ សម្តេចបញ្ជាក់ប្រាប់មន្រ្តីដែលមិនចង់ចាក់វ៉ាក់សាំងទាំងនោះថា «នៅពេលណាមួយដែលស្ថាប័នរបស់ខ្លួនចាក់បាក់៧០ភាគរយឡើងលើ មន្រ្តីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនអនុញ្ញាតឱ្យចូលប្រជុំដែរ ទុកឱ្យដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងដែលចាក់ដើម្បីការពារខ្លួនឯង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ឬក៏ជាមន្រ្តីរាជការធ្វើអ្វីតទៅទៀត»។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួង និងអង្គភាពទាំងអស់ ត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់ខ្លួន កងទ័ពក៏ដូចគ្នា។ សម្តេចក៏បានណែនាំដល់ អភិបាលខេត្ត និងអភិបាលស្រុក ត្រូវត្រួតពិនិត្យមើលមន្រ្តីនៅក្នុងខេត្តរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំង បើមន្រ្តីដែលខកខានដោយចេតនា គឺមិនគប្បីអនុញ្ញាតឱ្យពួកគាត់ចូលធ្វើការនោះទេ។
សម្តេចតេជោបានកោតសរសើរដល់កងទ័ព ដែលដឹកនាំដោយម៉ឹងម៉ាត់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលរហូតមកដល់ពេលនវ កងទ័ពស្ទើរតែ១០០ភាគរយ បានចាក់ដូសទី១ និងប្រមាណ៧០ ទៅ៨០ភាគហើយ ដែលបានចាក់ដូសទី២។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានជំរុញឱ្យមានការចាក់វ៉ាក់សាំងលើសចំនួន ដោយសារតែអនុញ្ញាតឱ្យអ្នកអនាម័យ និងអ្នកថែសួនបានចាក់វ៉ាក់សាំងផងដែរ។
សម្តេចបញ្ជាក់ថា៖ «បញ្ហានេះ ជាបញ្ហាសុខភាពសាធារណៈ បញ្ហាស្ម័គ្រចិត្តជារឿងមួយហើយ ប៉ុន្តែយើងត្រូវគិតអំពីផលប្រយោជន៍រួមរបស់ជាតិ អំពីសុខភាពសាធារណៈ ជាចាំបាច់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានកុំឱ្យមានការឃុបឃិតគ្នារវាងគ្រូពេទ្យ និងមន្រ្តីដែលមានចេតនាមិនចាក់វ៉ាក់សាំងផងដែរ។ សម្តេចបន្តថា ដើម្បីចៀសវាងមានការឃុបឃិតរវាងគ្រូពេទ្យ និងអ្នកដែលមានចេតនាមិនចាក់វ៉ាក់សាំង គឺអ្នកចាក់ទាំងអស់ ត្រូវមានការបញ្ជាក់ឱ្យបានជាក់លាក់ពីអង្គភាពជំនាញ។ សម្តេចបន្តថា នៅពេលខាងមុខ បើអាច គឺក្រៅពីកាតដែលផ្តល់ដោយផ្នែកសុខាភិបាល យើងអាចមានផ្លាកសញ្ញា ដើម្បីបញ្ជាក់អំពីអ្នកដែលបានចាក់វ៉ាក់សាំង ដែលចេញដោយក្រសួងសាមីតែម្តង។
សម្តេចបានអំពាវនាវថា អ្នកដែលមានចេតនាមិនទទួលវ៉ាក់សាំង គឺជាអ្នកអាចនឹងងាយបាត់បង់ការងារធ្វើ ទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្រ្តីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងក្រោមជាតិ ទាំងមន្រ្តីជាប់កិច្ចសន្យា។ ទោះជាយ៉ាងនេះក្តី សម្តេចបានដាស់តឿនថា ពេលនេះមិនទាន់ហួសពេលនោះទេ ដែលមន្រ្តីទាំងនោះអាចទៅចាក់វ៉ាក់សាំងបាន៕