(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និង ជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដទៃទៀត បានបើកកិច្ចសន្ទនាជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដើម្បីពិនិត្យនីតិវិធី និងលក្ខខណ្ឌមួយចំនួនលើការងារធុរកិច្ច។
ក្នុងកិច្ចសន្ទនា ដែលធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋមន្រ្តី និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានពិភាក្សា និង តាមដាននូវអនុសាសន៍នានា ដែលបានស្នើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននាពេលកន្លងមក រួមមាន៖ ការរៀបចំឱ្យមានផ្លូវអាស៊ាននៅប៉ុស្តិ៍ត្រូតពិនិត្យអន្តោប្រវេសន៍តាមព្រលានយន្តហោះ, ការដាក់បញ្ចូលធុរជនស្រ្តីនៅក្នុងសសរស្តមសេដ្ឋកិច្ច, ប័ណ្ណធ្វើដំណើរសម្រាប់ធុរជនអាស៊ាន, កម្មវិធីកម្មសិក្សាអាស៊ាន, ការលុបចោលរបាំងមិនមែនពន្ធគយ និង វិធានការមិនមែនពន្ធគយ ក្នុងវិស័យសុខាភិបាល កសិចំណីអាហារ ការលក់រាយ និង ឡូជីស្ទីក, ការដាក់បញ្ចូលស្ថាប័នហិរញ្ញវត្ថុ ក្នុងដំណើរការពិគ្រោះយោបល់, សេវាហិរញ្ញវត្ថុ និងក្រុមហ៊ុនជំនាញទីផ្សារមូលប័ត្រ, ក្របខណ្ឌច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច និងច្រកចេញចូលតែមួយអាស៊ាន។
រដ្ឋមន្រ្តី និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានពិភាក្សាផងដែរ អំពីតួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅក្នុងផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ និងលទ្ធផលសម្រេចបាននានានៅពេលប្រទេសឡាវ ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០១៦៕