(ភ្នំពេញ)៖ ក្រសួងការងារចេញប្រកាសស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនត្រូវបានកំណត់ឱ្យបិទសកម្មភាពអាជីវកម្ម, កម្មករនិយោជិត និងបុគ្គលិក, និងអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក ដូចខាងក្រោម៖
ក៖ ចំពោះកម្មករនិយោជិត និងបុគ្គលិក
*អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងធ្វើដំណើរតែម្នាក់ឯងត្រូវយកតាមខ្លួននូវ កាតសម្គាល់កម្មករនិយោជិត ឬបុគ្គលិក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលអាចបញ្ជាក់ពីទីលំនៅបច្ចុប្បន្នរបស់ខ្លួន នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច
*អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើររួមត្រូវ ជិះមធ្យោបាយដែលមាន «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» ចេញដោយក្រសួង ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយកតាមខ្លួននូវកាតសម្គាល់កម្មករនិយោជិត និងបុគ្គលិក នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច។
ខ៖ ចំពោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស
*ត្រូវផ្ដល់បញ្ជីស្លាកលេខរថយន្ដ ឬមធ្យោបាយដឹកជញ្ជូនដល់អធិការការងារ
*ត្រូវសហការជាមួយអធិការការងារ ដើម្បីផ្ដល់ «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» ដល់អ្នកបើកបរ (ដូចមានគំរូជូនភ្ជាប់ជាមួយ) សម្រាប់បង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅពេលដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ
*ត្រូវធានាថា កម្មករនិយោជិត និងបុគ្គលិកទាំងអស់មានកាតសម្គាល់ខ្លួន។ ក្នុងករណីបាត់ ត្រូវចេញកាតសម្គាល់ខ្លួនជូនកម្មករនិយោជិត និងបុគ្គលិកជាបន្ទាន់។
គ៖ ចំពោះអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក
*ត្រូវមកទទួលយក «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» ពីរោងចក្រ សហគ្រាស និងត្រូវដាក់បង្ហាញនៅផ្នែកខាងមុខមធ្យោបាយដឹកជញ្ជូន ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច៕