(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការ។
ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។
បើទោះបីជាយ៉ាងណាក្នុងសេចក្តីសម្រេចដែលចេញនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានលើកលែងចំពោះ៖
* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
* ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
* ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងេកជន
* រថយន្តពន្លត់អគ្គិភ័យ
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
* ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
* ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗ
* ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដែលថ្ងៃទី២០ ខែមេសាផងដែរ។
តាមរយៈសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានី ខេត្ត អនុវត្តវិធានការឱ្យមានប្រសិទ្ធភាព។ គណៈអភិបាលរាជធានី ខេត្ត ក៏ត្រូវបានប្រគល់សមត្ថកិច្ចក្នុងការសម្រេចដាក់ចេញវិធានការគ្រប់គ្រង រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ដោយអនុលោមតាមគោលការណ៍ដូចមានចែងក្នុងប្រការ១ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន សម្រាប់ភូមិសាស្ត្រក្រុង ស្រុក ខណ្ឌ ឬឃុំ សង្កាត់ ឬភូមិ ឬទីកន្លែងណាមួយនៅក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឬក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល ក៏បានណែនាំគណៈអភិបាលរាជធានី ខេត្ត ក្នុងរយៈពេលពីរសប្តាហ៍នេះ ត្រូវចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមានទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ និងការដឹកជញ្ជូនមនុស្ស និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម វិហារសាសនា និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគញនាក្នុងចំនួនច្រើន។
គណៈអភិបាលរាជធានី ខេត្ត ក៏មានសិទ្ធបង្កើតយន្តការចាំបាច់នានា ដើម្បីតាមដាន ត្រួតពិនិត្យ និងអនុវត្តវិធានការទាំងឡាយក្រោមខាងលើក្រោមសមត្ថកិច្ចរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងគ្រាដែលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីកសាយភាយទៅកាន់ខេត្តជាច្រើន។
គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប ២,៨២៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន ២,២៩៣នាក់។ អ្នកជាសះស្បើយចំនួន ១,៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១,០០៣នាក់។ អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕