(ភ្នំពេញ)៖ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាម បានបង្ហាញអំពីការប្តេជ្ញាចិត្ត បន្តសហការយ៉ាងល្អ និងជិតស្និទ្ធជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបន្តពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
ការអះអាងរបស់នាយករដ្ឋមន្រ្តីថ្មីវៀតណាម បានធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ដែលក្នុុងជំនួបនោះសម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកផាម មិញជិញ ដែលត្រូវបានសម័យប្រជុំលើកទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី។
សេចក្តីប្រកាសលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាង នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា៖ «ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញជិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានបញ្ជាក់នូវបំណងធ្វើកិច្ចសហការយ៉ាងល្អ និងជិតស្និទ្ធជាមួយសម្តេចតេជោ ក្នុងការបន្តពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងវៀតណាម»។
នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងវៀតណាម ទោះបីជាស្ថិតក្នុងសភាពការណ៍កំពុងទទួលរងនូេះផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ប្រទេសទាំងពីរនៅរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ និងការផ្លាស់ប្តូរយោបល់តាមរយៈប្រព័ន្ធវីដេអូ និងទូរស័ព្ទទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានបង្កើនប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសទំហំពាណិជ្ជកម្មទ្វេទិស នៅបន្តមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងខណៈដែលកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងអប់រំ ក៏ត្រូវបានបន្តយកចិត្តទុកដាក់។ នេះបើតាមសេចក្តីប្រកាស។
ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារគ្រប់គ្រងព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការសហការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការជំរុញសកម្មភាពផ្លាស់ប្តូរទំនិញ និងការដោះស្រាយបានទាន់ពេលវេលានូវរាល់បញ្ហាដែលកើតមានជាយថាហេតុ។ ភាគីទាំងពីរ បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានរហូតមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោក ផាម មិញជិញ រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងអនុវត្តដោយជោគជ័យនូវផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈពេល៥ឆ្នាំ (២០២១-២០២៥) និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល១០ឆ្នាំ (២០២១-២០៣០) តាមរយៈសេចក្តីសម្រេចិត្តរប ស់គណបក្សកុម្មុយនិស្ត និងរដ្ឋសភាវៀតណាម។
លោក ផាន មិញជិញ បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រវៀតណាមឱ្យបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ដោយជោគជ័យ និងបានបញ្ជាក់អំពីការគាំទ្ររបស់វៀតណាមចំពោះកម្ពុជា ក្នុងការបំពេញតួនាទីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ ដោយបានជោគជ័យ ។
លោក ផាម មិញជិញ (Pham Minh Chinh) អតីតមេបញ្ជាការកងកម្លាំងរក្សាសន្តិសុខវៀតណាម ត្រូវបានរដ្ឋសភាវៀតណាមជ្រើសតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម នៅក្នុងសម័យប្រជុំសភាជាតិវៀតណាម ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ បន្តពីលោក ង្វៀង សួនហ៊្វុក ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីវៀតណាម៕