ពលរដ្ឋ២ភូមិ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្នើសុំថ្នាក់ដឹកនាំជួយធ្វើស្ពានឆ្លងអូរមួយកន្លែង ប្រវែង ៣៥ម៉ែត្រ (Video inside)
06-04-2021 19:37
(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន២ភូមិ ដែលមានព្រំប្រទល់ជាប់ភូមិគ្នា បានរៃអង្គាសថវិកាពលរដ្ឋក្នុងភូមិទាំងពីរ ដើម្បីកសាងផ្លូវមួយខ្សែដែលមានប្រវែង ១,០០០ម៉ែត្រ និងស្ពានឆ្លងអូរមួយកន្លែង ដែលមានប្រវែង ៣៥ ម៉ែត្រ ធ្វើអំពីឈើលាយដើមត្នោត សម្រាប់ឆ្លងនិងដឹកកសិផលផ្សេងៗតាមគោយន្ត ពីភូមិមួយទៅភូមិមួយ។
លោក សាំង សឿន មេភូមិអាឡែង បានផ្ដល់កិច្ចសម្ភាសន៍ ជាមួយនឹងអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី ខែមីនា ឆ្នាំ២០២១នេះឲ្យដឹងថា តាំងតែពីសម័យសង្គមចាស់ ភូមិគ្រួស ក្នុងឃុំរលាប្អៀរ និងភូមអាឡែង ក្នុងឃុំជ្រៃបាក់ ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋតែងតែប្រាស្រ័យទាក់ទងគ្នាទាំងផ្នែកសេដ្ឋកិច្ច និងការដឹកកសិផល កសិកម្ម ឬស្សី ចង្អេរ ក្អមឆ្នាំង ជាហូរហែរ តែមិនមានផ្លូវដើរនោះទេ។ ដោយនៅរដូវវស្សាប្រជាពលរដ្ឋ បានដើរតាមភ្លឺស្រែ និងត្រូវហែលទឹកឆ្លងអូរទៀតផង រីឯនៅរដូវប្រាំងវិញប្រជាពលរដ្ឋអាចធ្វើដំណើរ ឬជិះម៉ូតូកាត់វាលស្រែបាន តែជួបការលំបាកខ្លាំងណាស់។
លោកបានបន្តឲ្យដឹងទៀតថា ការឆ្លងកាត់រវាងភូមិខាងលើនេះ ប្រសិនបើមានផ្លូវ និងស្ពានវិញនោះការធ្វើដំណើរមិនមែនមានតែពីរភូមិនោះទេ គឺអាចមានរហូតទៅដល់២ឃុំ គឺឃុំរលាប្អៀរ និងឃុំជ្រៃបាក់ ក្នុងការប្រាស្រ័យទាក់ទងគ្នាផ្នែកសេដ្ឋកិច្ច។ លោកបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋភូមិគ្រួស បានធ្វើផ្លូវចេញពីភូមិមកទល់អូររួចហើយ ដែលមានប្រវែងជាង ២គីឡូម៉ែត្រ ដោយឡែកប្រជាពលរដ្ឋភូមិអាឡែង ត្រូវធ្វើផ្លូវបន្តពីអូរមកកាន់ផ្លូវគ្រួសក្រហមក្នុងភូមិ ដែលមានចម្ងាយប្រមាណជា ១,០០០ម៉ែត្រ។ បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងភូមិ បានរៃអង្គាសប្រាក់គ្នា ធ្វើផ្លូវនេះតាមភ្លឺស្រែរបស់ប្រជាពលរដ្ឋ ដែលមានទទឹងផ្លូវប្រវែង៣ម៉ែត្រ ដោយមានការចូលរួមពីម្ចាស់ស្រែដែលបានបរិច្ចាគដីស្រែក្បែរភ្លឺស្រែផងដែរ។
ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរភូមិទាំងពីរភូមិ បានស្នើសុំដល់ថ្នាក់ដឹកនាំ មេត្តាជួយធ្វើស្ពានឆ្លងអូរមួយកន្លែង ដែលមានប្រវែង ៣៥ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋបានឆ្លង និងដឹកកសិផលផ្សេងៗ ដោយសាអូរនេះមានជម្រៅជ្រៅ ប្រជាពលរដ្ឋពិបាករកឈើមកធ្វើសសរស្ពានឲ្យបានរឹងមាំ។ ស្ពាននេះបច្ចុប្បន្នប្រជាពលរដ្ឋនាំគ្នាយកឈើ និងជំនៀរឈើចាស់ៗលាយនឹងដើមត្នោត មកធ្វើស្ពាននេះសម្រាប់ឲ្យប្រជាពលរដ្ឋឆ្លង និងដឹករបស់របរស្រាលៗជាបណ្ដោះអាសន្ន។
ប្រជាពលរដ្ឋបានឲ្យដឹងថា ស្ពាននេះក៏ធ្លាប់ធ្លាក់គោយន្ត និងស្រូវ ចូលទៅក្នុងអូរ រងគ្រោះមនុស្ស និងខូចខាតសម្ភារៈរួចមកហើយដែរ៕