(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ចុះផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ខូចខាតផ្ទះ សំបែងចំនួន១១គ្រួសារ នៅក្នុងឃុំចំនួនពីរ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក ឃិន ញ៉ាណ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក គន់ គីម ប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្ត លោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលតែងបានគិតគូរ យកចិត្តទុកដាក់ជានិច្ចចំពោះប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលជួបនូវគ្រោះថ្នាក់ផ្សេងៗ។
លោក ឃិន ញ៉ាណ ក៏បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យលកន្ទ្រាក់ទាំង១១គ្រួសារ ធ្វើឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិផ្សេងៗ។ គ្រោះថ្នាក់គ្មានអ្នកណាមើលឃើញនោះទេ ហើយក៏គ្មានអ្នកណាចង់ឱ្យកើតមានដែរ សំខាន់មិនមានគ្រោះថ្នាក់ដល់សមាជិកគ្រួសារនោះគឺជាការប្រសើរហើយ និងសូមកុំអស់សង្ឃឹម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមិនទុកឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពអត់ឃ្លាន ឫឯកោរនោះឡើយ។
លោក ឃិន ញ៉ាណ ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមការពារ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩ កើតមានលើខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ដោយត្រូវអនុវត្តន៍ វិធានការដ៏មានប្រសិទ្ធិភាព គឺត្រូវអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន គឺ៣កុំ និង៣ការពារ។
សូមបញ្ជាក់ថា សម្ភារដែលផ្តល់ជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ សារ៉ុង១ ភួយ១ ក្រមា១ ទឹកស៊ីអ៊ីវ១យួរ អាវយឺតចំនួន៦។ ដោយឡែក៣គ្រួសារដែរងគ្រោះធ្ងន់ធ្ងរនៅឃុំបេង ទទួលបានសង្គ័សីចំនួន៣០សន្លឹក ពីក្រុមការងារផងដែរ៕