(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះសំបែងចំនួន១៨គ្រួសារ នៅភូមិបង្កន និងភូមិរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក មាស សុភា ប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្ត លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាល តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះប្រជាពលរដ្ឋក្រីក្រនិងប្រជាពលរដ្ឋដែលជួបនូវគ្រោះថ្នាក់ផ្សេងៗផងដែរ។

លោក ពឹង ទ្រីដា ក៏បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន១៨គ្រួសារ ធ្វើឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិផ្សេងៗ។ លោកថាគ្រោះថ្នាក់គ្មានអ្នកណាមើលឃើញនោះទេ ហើយក៏គ្មានអ្នកណាចង់ឱ្យកើតមានដែរ សូមកុំអស់សង្ឃឹម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមិនទុកឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពអត់ឃ្លាននោះឡើយ។

លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវចូលរួមការពារ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ.១៩ កើតមានក្នុងក្រុមគ្រួសារនិងសហគមន៍ ដោយត្រូវអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន គឺ៣កុំ និង៣ការពារ។

សូមបញ្ជាក់ថា ពលរដ្ឋរងគ្រោះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ សារ៉ុង១ ភួយ១ ក្រមា១ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសារដែរងគ្រោះធ្ងន់ធ្ងរ និងមធ្យមទទួលបានតង់ ១ផងដែរ៕