(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ មុននឹងទទួលយកគម្រោង សាងសង់អ្វីមួយពីម្ចាស់ក្រុមហ៊ុនម៉ៅការ ចៀសវាងការខូចខាតផលប្រយោជន៍រួមក្នុងគម្រោងមូលនិធិឃុំ-សង្កាត់។
លោក អ៊ុន ចាន់ដា បានលើកឡើងដូចនេះនៅថ្ងៃទី0៦ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានលើកឡើងថា មន្ត្រីពាក់ព័ន្ធជាពិសេសក្រុមប្រឹក្សាឃុំ -សង្កាត់ ទាំងអស់ដែលជាម្ចាស់គម្រោងមូលនិធិឃុំ -សង្កាត់ ត្រូវធ្វើការត្រួតពិនិត្យឲ្យ បានច្បាស់លាស់ជាមុនសិន មុននឹងចុះហត្ថលេខាទទួលយកនូវគម្រោងសាងសង់អ្វីមួយពីម្ចាស់ក្រុមហ៊ុនទទួលការ ដើម្បីចៀសវាងការខូចខាតផលប្រយោជន៍រួមហើយ គ្មានអ្នកទទួលខុសត្រូវ ដោយឡែកចំពោះក្រុមហ៊ុនដែលសាងសង់សំណង់គ្មានគុណភាព ត្រូវធ្វើការរាយការណ៍ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖
*ទី១ ៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
*ទី២ ៖ ពិនិត្យ ពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត កំពង់ចាម។
*ទី៣ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេល ៣ខែ គឺខែមេសា,ឧសភា,មិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
*ទី៤ ៖ បញ្ហាផ្សេងៗពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩៕