(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះសាលាខេត្តកំពតទាំងអស់ សូមបន្តសហការចូលរួម ជួយកិច្ចការងារសហការ និងចេះស្រឡាញ់គ្នា ប្រៀបដូចជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ។
នៅក្នុងពិធីជួបសំណេះសំណាល ជាមួយសមាកជិកសមាជិកាក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោកអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តក្នុងនាម ជាសេនាធិការឲ្យ រាជរដ្ឋាភិបាល តែងតែបានយកចិត្តទុកដាក់ ជំរុញការងារអភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យ និងការបម្រើសេវាសាធារណៈ សេវារដ្ឋបាលផ្សេងៗ រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋបានល្អ ប្រសើរជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលទ្ធផលទាំងនេះ គឺមិនអាចកាត់ផ្ដាច់ចេញបាន ពីការចូលរួមសាមគ្គីពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការក្នុងសាលាខេត្តបានឡើយ។
លោកអភិបាលខេត្ត បានបន្តថា កន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះសាលាខេត្តទាំងអស់បានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការបំពេញកិច្ចការងារបម្រើប្រជាពលរដ្ឋ និងកិច្ចការងារអភិវឌ្ឍខេត្តឲ្យរីកចម្រើនជាលំដាប់។ ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពនាពេលបច្ចុប្បន្ន ពិសេសដើម្បីបន្តកំណើន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព សូមថ្នាក់ដឹកនាំ និងមន្ត្រីទាំអស់ បន្តរក្សារទំនាក់ទំនងល្អ និងចូលរួមកាន់តែសកម្មថែមទៀត រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងការទទួលខុសត្រូវឲ្យបានខ្ពស់ ដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងជូនពរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្ត ឲ្យទទួលបានជោគជ័យលើការងារភារកិច្ចថ្មីៗ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាអភិវឌ្ឍក្នុងខេត្តកំពត ឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត និងសូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីប្រោះព្រំ នូវសព្ទសាធុការពរ ជូនដល់ប្រមុខថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជៀសផុតពីជំងឺកូវីដ១៩ និងសូមឱ្យជំងឺដ៏កាចសាហាវនេះ ផុតរលត់ពីកម្ពុជា និងពិភពលោក។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជូនថវិកា ដល់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ២៥នាក់ ម្នាក់ៗទទួលបាន២០០ដុល្លា និងមន្ត្រីក្របខណ្ឌសាលាខេត្ត១៣៧នាក់ ក្នុងម្នាក់ ១០០ដុល្លា និងមន្ត្រីជាប់កិច្ចសន្យា និងនគរបាលការពារសាលាខេត្ត ៦៥នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន៥០ដុល្លា៕