(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះព័ត៌មាន ដែលបានចោទប្រកាន់នៅលើបណ្ដាញសង្គម Facebook ថា មានការលួចបើកល្បែងស៉ីសងជល់មាន់ នៅមូលដ្ឋានស្រុកចំការលើ ដោយមិនខ្លាចជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រូបភាពសកម្មភាពដែលចែកចាយនោះ ជារូបភាពសចាស់នាពេលកន្លងមក ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានចុះដល់ទីតាំងដែលបានលើកឡើងដោយសារព័ត៌មាននោះ ពុំពិនិត្យឃើញមានសង្វៀនជល់មាន់ ឬសកម្មភាពលេងល្បែងជល់មាន់នោះឡើយ។ ប៉ុន្តែឃើញមានស្លាកស្នាមកន្លែងជល់លក្ខណៈកម្សាន្តនៅចំណុចចំការស្វាយចន្ទី ដែលក្រុមញៀនល្បែងណាត់គ្នាលួចប្រព្រឹត្តល្បែងជល់មាន់ម្តងម្កាលប៉ុណ្ណោះ។
ផ្អែកតាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម និងផ្អែកតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅចំណុចទីតាំងខាងលើ ធ្លាប់មានក្រុមអ្នកលួចលេងល្បែងជល់មាន ម្ដងម្កាល និងក៏ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្ដបន្ទាប់ បច្ចុប្បន្ននេះពុំមានសកម្មភាពលួចលេងល្បែងជល់មាន់ នៅភូមិសាស្ដ្រនោះទៀតទេ។
បើទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជា និងចាត់តាំងលោកអធិការរង០១រូប ទទួលដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺ បន្តល្បាតឃ្លាំមើលសកម្មភាពល្បែងស៊ីសងខុសច្បាប់នានា នៅគោលដៅខាងលើ ក៏ដូចជាក្នុងភូមិសាស្ត្រ នៃស្រុកចំការលើ។
តាមការស្រាវជ្រាវរបស់ជំនាញ ពុំទាន់បានរកឃើញភស្តុតាងដាក់បន្ទុកណាមួយ ដែលអាចបញ្ជាក់ថាមន្ត្រីណាម្នាក់ ជាអ្នកបើកបនល្បែងស៊ីសងខុសច្បាប់នោះនៅឡើយទេ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមស្នើឲ្យអ្នកដែលបានចុះផ្សាយ មេត្តាសហការចង្អុលមុខសញ្ញាសង្ស័យ ឬផ្តល់ភស្តុតាងបន្ថែម ដើម្បីសមត្ថកិច្ចមានមូលដ្ឋានអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គម ដែលតែងតែសហការផ្តល់ព័ត៌មាន ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីមានមូលដ្ឋានចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមស្វាគមន៍ចំពោះមតិរិះគន់ទាំងឡាយ ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានក្នុងការកែលម្អ ការអនុវត្តតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន និងស្នើសុំពីគ្រប់មជ្ឈដ្ឋានបន្តសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមទំនាក់ទំនងទូរស័ព្ទលេខ ០៧៨ ៧៧៧៧ ១៦ ឬលេខ ០១៥ ៧២៧ ៣៣៧ នឹងរក្សាការសម្ងាត់ជូន៕