(ភ្នំពេញ)៖ ដើម្បីសុខុមាលភាពរបស់មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងប្រជាពលរដ្ឋដែលមកទទួលសេវានៅសាលាខណ្ឌបឹងកេងកង ពិសេសប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កនៅក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានសហការជាមួយក្រុមហ៊ុន GANZBERG Beer បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅអគារសាលាខណ្ឌ កន្លែងស្នាក់នៅរបស់ប្រជាការពារខណ្ឌ និងតាមទីតាំងមណ្ឌលចត្តាឡីស័កនៅក្នុងខណ្ឌបឹងកឹងកង ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។

លោក ធឹម សំអាន បានថ្លែងថា ដោយអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង បានចុះធ្វើសកម្មភាពបាញ់ថ្នាំសំលាប់មេរោគ ក៏ដូចបាញ់ថ្នាំមូស ក្នុងអគារ និងក្រៅបរិវេណសាលាខណ្ឌ តាមដងផ្លូវ និងទីតាំងមណ្ឌលចត្តាឡីស័កផងដែរ។

លោក ធឹម សំអាន បានបញ្ជាក់ថា នេះជាយកចិត្តទុកដាក់លើសុខមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានឱ្យសាលាខណ្ឌចុះបាញ់ថ្នាំសម្លាប់មរោគជាប្រចាំ បាញ់ថ្នាំមូស ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមទប់ស្កាត់បង្ការ ការរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងរាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌបឹងកេងកង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបាញ់ថ្នាំសម្លាប់រោគនេះដែរ មិនមែនចេះតែបាញ់នោះទេ គឺត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល៕