(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្រង់ខ្លឹមសារនៃមាត្រា១៦ ក្នុងអនុក្រឹត្យលេខ៣៧ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល យោងតាមមាត្រា១៦ នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
ការស្រង់ខ្លឹមសារអនុក្រឹត្យលេខ៣៧ របស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌មកពន្យល់បែបនេះ ដោយសារវិទ្យុអាស៉ីសេរី (RFA) ដែលជាវិទ្យុបម្រើបរទេស នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានផ្សាយបំភ្លៃថា រាជរដ្ឋាភិបាលបង្ខំកម្មកររោងចក្រ ឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩។
បើតាមលោក គឹម សន្តិភាព, ការរៀបចំឲ្យកម្មកររោងចក្របានចាក់វ៉ាក់សាំងកូវីដ១៩ ព្រោះពួកគេជាក្រុមមនុស្ស ដែលត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩ ជាចាំបាច់ ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់ពួកគេ តាមការកំណត់របស់ក្រសួងសុខាភិបាល ដូចមែនចែងក្នុងអនុក្រឹត្យលេខ៣៧ ជាធរមានស្រាប់។
សូមជម្រាបថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាទិញបានវ៉ាក់សាំងចំនួន ១.៥លានដូសពីក្រុមហ៊ុនចិន ហើយដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា ក្រុមជនដែលត្រូវចាក់វ៉ាក់សាំងស៉ីណូវ៉ាក់នេះរួមមាន៖
១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)
៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)
៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ)
៦៖ មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៨៖ កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ច៕