(ត្បូងឃ្មុំ)៖ អ្នករកស៊ីបើករថយន្តតួរីសដឹកឈើជន្លង់ម្រេច បានចោទប្រកាន់ទៅលើសមត្ថកិច្ចមួយក្រុម ដែលមានស្នាក់ការ និងប៉ុស្តិ៍ឈរជើងនៅតាមផ្លូវជាតិលេខ៧៣ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំថា បានជំរិតយកលុយពីគាត់អស់៣០ម៉ឺនរៀល ទាំងយប់បើទោះជារូបគាត់មានលុយនៅជាប់ខ្លួនតែចំនួន១៨ម៉ឺនរៀលឲ្យទៅពួកគេ ក៏មិនព្រមដែរ គឺទាមទារឲ្យគាត់ យកទូរស័ព្ទទៅដាក់បញ្ចាំយកលុយឲ្យពួកគេ រហូតគ្រប់ចំនួនតែម្តង។
លោក បញ្ញាដែលអះអាងថា ជាម្ចាស់រថយន្តតួរីស ដឹកជន្លង់ម្រេចបានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ថាសមត្ថកិច្ច ដែលឃាត់រថយន្តដឹកជន្លង់ម្រេច ហើយជំរិតយកលុយពីលោកអស់៣០ម៉ឺន រៀលនោះ ជាក្រុមចម្រុះមានមេព្រៃ មានមន្ត្រីអាវុធហត្ថ ទាហានដឺបេ និងមន្ត្រីនគរបាល តែអ្នកបើករថយន្តរបស់លោកស្គាល់ច្បាស់ គឺមេព្រៃឈរជើងនៅស្រុកតំបែរ ឈ្មោះ រៃ ជិះរថយន្ត Vigo ពណ៌ខ្មៅជាអ្នកយកលុយ និងយកទូរស័ព្ទទៅដាក់បញ្ចាំ និងម្នាក់ទៀតអះអាងថា ជានគរបាលជិះរថយន្តឆ្លាមពាក់ស្លាកលេខខាងកន្ទុយគឺលេខ៦៤។ លោកបញ្ញា បានឲ្យដឹងបន្ថែមថា នៅម៉ោងប្រមាណជាង១១យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ ខណៈរថយន្តតួរីសដឹកជន្លង់ម្រេចរបស់លោក បើកតាមផ្លូវក្រុមហ៊ុនចិនមកដល់ផ្លូវជាតិឡើង មកប្រធាតុក៏ឃើញសមត្ថកិច្ចមួយក្រុមខាងលើ កំពុងអង្គុយផឹកស៊ី ហើយអ្នកបើករថយន្តរបស់លោក ក៏បើកបង្ហួសមកបានពីរបីគីឡូម៉ែត្រ ស្រាប់តែឃើញរថយន្តសមត្ថកិច្ចខាងលើ ដែលអះអាងថា ជានគរបាលបើកមកឃាត់រួចហើយ ស្រែកប្រាប់គ្នីគ្នាឲ្យទូរស័ព្ទហៅមេព្រៃឈ្មោះ រៃ មកអូសយកទៅកន្លែង តែពេលមេព្រៃឈ្មោះ រៃ និងមនុស្សពីរបីនាក់ទៀត ដែលខ្លះអះអាងថា ជាប៉េអឹម ខ្លះថាជាទាហានមកដល់ក៏និយាយសម្រួលគ្នា ដោយពួកគេទារលុយ៤០ម៉ឺនរៀល តែចុងក្រោយដោយមានការនិយាយអង្វរក៏ចុះមកនៅ៣០ម៉ឺនរៀល។
ពេលលោកប្រមូលលុយពីក្នុងរថយន្តមានតែ១៨ម៉ឺនរៀលហុចឲ្យទៅពួកគេ តែពួកគេមិនព្រមគឺទាមទារ៣០ម៉ឺនរៀលដាច់ ចុងក្រោយមេព្រៃឈ្មោះរៃ ក៏យកលុយ១៨ម៉ឺនរៀល និងយកទូរស័ព្ទតម្លៃ២០០-៣០០ដុល្លារមួយគ្រឿងទៀតដោយអះអាងថា ស្អែកម៉ោង៩ព្រឹកយកលុយ១២ម៉ឺនរៀលមកឲ្យគេ ទើបគេអោយទូរស័ព្ទវិញ។ លុះស្អែកឡើង ពេលលោកទូរស័ព្ទទៅលោករៃ ដើម្បីយកលុយទៅលោះយកទូរស័ព្ទវិញ ស្រាប់តែលោករៃឆ្លើយថា លោកមិនដឹងទេ ព្រោះយប់មិញលោកស្រវឹងមិនដឹងរឿងទេ ហើយក៏បិទទូរស័ព្ទតេលែងចូលតែម្តង។
លុះរហូតដល់ថ្ងៃត្រង់ក្រោយពីបែករឿងដល់ថ្នាក់លើសួរនាំ ទើបឃើញទាហានដឺបេម្នាក់ឈ្មោះ ណាង ទូរស័ព្ទមកប្រាប់ឲ្យយកលុយទៅលោះយកទូរស័ព្ទពីគេបានមកវិញ។ ពាក់ព័ន្ធករណីនេះដែរ តាមការអះអាងពីឈ្មោះ បញ្ញា បានឲ្យដឹងថា កន្លងមកខ្លួនដឹកជន្លង់ម្រេចមិនដែលមានបញ្ហានោះទេព្រោះខ្លួនចូលបង់លុយឲ្យគ្រប់កន្លែងគ្មានចន្លោះមួយទេ មន្ត្រី អ.ហ ស្រុក និងស្នាក់ការខ្លួនបង់ មួយកន្លែង១ម៉ឺនរៀលក្នុងមួយរថយន្ត នគរបាល២ម៉ឺនរៀល និងស្នាក់ការមេព្រៃបង់៣ម៉ឺនរៀល តែនេះរថយន្តបើកមិនទាន់ដល់កន្លែងត្រូវបង់ផងបែរជាគេមកចាប់គៀបយកលុយស្រស់ៗតែម្ដង។ នៅរសៀលថ្ងៃដដែលនេះដែលភ្នាក់ងារ Fresh News បានទូរស័ព្ទសុំការបំភ្លឺពីមេព្រៃឈ្មោះ រៃ ដែរតែទូរស័ព្ទមិនអាចទាក់ទងបានឡើយ៕