(ភ្នំពេញ)៖ ដើម្បីឲ្យការអនុវត្ដន៍គម្រោង ស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ទៅដល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដំណើរការដោយរលូន និងឆាប់រួចរាល់ទៅតាមការគ្រោងទុក ហើយឈានទៅដល់ការដាក់ឲ្យប្រើប្រាស់ ជាប្រយោជន៍ មនុស្សជាតិទាំងអស់គ្នានោះ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាវ ស៊ីផាន បានដាក់ចេញនូវវិធានការក្នុងការជួយ សម្រួលដល់គម្រោងនេះតាមរយៈការចាត់ការយ៉ាងតឹងរឹងចំពោះ ការរុះរើផ្ទះទាំងឡាយណាដែលមិនព្រមស្តាប់ការណែនាំនោះ។

សាលាខណ្ឌច្បារអំពៅ សហការជាមួយក្រុមការងារអន្តរក្រសួង និងអាជ្ញាធរអគ្គិសនីកម្ពុជា បានអនុវត្តការងារបានសម្រេច ជាលទ្ធផលប្រជាពលរដ្ឋ ចំនួន៥គ្រួសារ បានកាត់វេរ៉ង់ដារួចរាល់ ប៉ុន្តែចំនួន ៦គ្រួសារនៅមិនទាន់កាត់នៅឡើយ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ។ តាមរយៈការបូកសរុបលទ្ធផលការងារខាងលើនេះ ក្រុមការងារបានពិនិត្យឃើញមាន ផ្ទះប្រជាពលរដ្ឋ ចំនួន៣០ទីតាំង ដែលមានការប៉ះពាល់ដល់ការ ដាំបង្គាលអគ្គិសនី ដែលបង្កឲ្យមានការរាំងស្ទះ គម្រោងស្ថាបនាផ្លូវផងដែរ។

ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានខិតខំចុះជំរុញបងប្អូនប្រជាពលរដ្ឋ ឲ្យរុះរើផលប៉ះពាល់បន្ថែមទៀត ជាលៃទ្ធផលក្នុងចំណោម៣០ទីតាំងខាងលើ គឺមានផ្ទះ២៥ទីតាំង បានយោគយល់ព្រមកាត់ តាមសំណូមពររបស់អាជ្ញាធរ និងនៅសល់៥ទីតាំងទៀត ម្ចាស់បដិសេធមិនព្រមរុះរើទេ ។ នៅចំពោះមុខក្រុមហ៊ុន JICA និងគណៈកម្មការអន្តរក្រសួង លោក អ៊ាង ស៊ីផាន បានសំណូមពរដល់ម្ចាស់ទីតាំងទាំង៥ ខាងលើ សូមមេត្តាអនុវត្តការរុះរើ ឲ្យបានត្រឹមត្រូវ ព្រោះបងប្អូនទាំងអស់គ្នា សុទ្ឋតែបានទទួលសំណង ថវិកាពីរាជរដ្ឋាភិបាល គ្រប់ៗគ្នាអស់ហើយ។
នៅពេលខាងមុខនេះបើបងប្អូននៅតែរឹងរុះ មិនព្រមរុះរើតាមការណែនាំទេ អាជ្ញាធរថ្នាក់រាជធានី និងអាជ្ញាធរខណ្ឌត្រូវសម្រេចចាត់ វិធានការ តាមផ្លូវច្បាប់ហើយ។

ពាក់ព័ន្ធនឹងមានការរាំងស្ទះ ដល់ការស្ថាបនាផ្លូវជាតិលេខ១ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានស្នើដល់ចៅសង្កាត់ ច្បារអំពៅ១ ច្បារអំពៅ២ ចៅសង្កាត់ និរោធ ឱ្យអនុវត្ដជាបន្ទាន់ជាមួយក្រុមអន្តរក្រសួង ចុះសម្របសម្រួល រុះរើសំណង់ផលប៉ះពាល់ ដល់ការស្ថាបនាផ្លូវជាតិលេខ១ ដោយទុករយៈពេល២សបា្ដហ៍ ដែលសំណង់ទាំងនោះត្រូវបាន រាជរដ្ឋាភិបាលដោះស្រាយ គោលនយោបាយរួចរាល់។ ដោយឡែកសំណង់ផ្ទះល្វែងចំនួន៦ ស្ថិតនៅសង្កាត់ច្បារអំពៅទី២ ដែលរឹងទទឹងមិនអនុវត្ដតាម គោលនយោបាយ រាជរដ្ឋាភិបាលនោះ នឹងចាត់វិធានការរដ្ឋបាលតាមផ្លូវតុលាការ។ ការដាក់ចេញនូវវិធានការរដ្ឋបាលរបស់ អាជ្ញាធរខណ្ឌ នាពេលនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារចុះជំរុញប្រជាពលរដ្ឋ កាត់វេរ៉ង់ដារដែលប៉ះពាល់ ការដាំបង្គោលអគ្គិសនីនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។

កិច្ចប្រជុំនេះស្ថិតក្រោមវត្តមាន លោក អ៊ាង ស៊ីផាន តំណាងក្រុមហ៊ុន JICA តំណាង EDC មន្ត្រីក្រសួងសាធារណ: និងអនុគណ:កម្មការ ដោះស្រាយផលប៉ះពាល់ ព្រមទាំងមន្ត្រីសាលាខណ្ឌចៅសង្កាត់ មេភូមិ ផងដែរ។ជាមួយគ្នានេះ លោក អ៊ាង ស៊ីផាន បានស្នើដល់ក្រុមហ៊ុន JICA ថាទុកពេលឲ្យលោក ដើម្បីអញ្ជើញម្ចាស់ផ្ទះទាំង៦ ដែលនៅរឹងមិនព្រមធ្វើតាមការសន្យា របស់អន្តរក្រសួងដោះស្រាយ ឱ្យចប់ក្នុង២សបា្ដហ៍ ទៅលើសំណង់ផ្ទះ ដែលមិនព្រមកាត់វ៉េរ៉ង់ដា ដើម្បីខាងអគ្គិសនី ដកនិងដាំបង្គោលភ្លើង៕