(ហ្សាការតា)៖ មន្ត្រីតាមដាន និងចាត់ចែងពេលមានគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ ២០១៦ នេះថា គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ ៧,៨ រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងលិចកោះស៊ូម៉ាត្រា កាលពីយប់ថ្ងៃពុធ នោះមិនបានបណ្តាលឲ្យមនុស្សណាម្នាក់បាត់បង់ជីវិត ឬរងរបួសឡើយ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
អភិបាលរងខេត្តស៊ូម៉ាត្រាខាងលិច លោក ណាស្រុល អាប៊ីត (Nasrul Abit) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃនេះទៀតថា «ពុំមានមនុស្សស្លាប់នោះទេ ក្រោយពីយើងតាមដានមកដល់ថ្ងៃព្រហស្បតិ៍នេះ ចាប់តាំងពី គ្រោះរញ្ជួយដីបានកើតឡើងយប់មិញ។» យ៉ាងណាក៏ដោយ អគារមួយចំនួនក្នុងទីក្រុងភាគខាងលិចនោះ បានរលំ និងខូតខាចបន្តិចបន្តួច តែមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងពីក្នុងជម្រៅ ១០ គីឡូម៉ែត្រ ស្ថិតនៅចម្ងាយពីប្រជុំកោះ ម៉ានតាវ៉ៃ (Mantawai) ក្បែរកោះស៊ូម៉ាត្រា ៦៣៦ គីឡូម៉ែត្រ កាលពីវេលាម៉ោង ៧៖៣៩នាទី យប់ថ្ងៃពុធ។ រលកយក្សស៊ូណាមិ ពីដំបូងត្រូវបានគេព្រមានថា នឹងអាចកើតមាន ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍ ការព្រមានត្រូវបានលុបចោលវិញ ដោយក្រុមអ្នកតាមដាន៕