(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានបន្តចុះចែកអំណោយ និងបាននាំយកថ្នាំពេទ្យដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុនី ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៩នាក់ នៅបន្ទប់ជួល ក្នុងភូមិ៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅក្នុងឱកាសនេះដែរ លោក ធឹម សំអាន ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះប្រជាពលរដ្ឋ ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូន។ សកម្មភាពនេះ ជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។
លោកបានឲ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ ខណ្ឌបឹងកេងកង មានកន្លែងធ្វើចត្តាឡីស័ក ចំនួន ៦១ទីតាំង។ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានី បានអនុញ្ញាតឲ្យបើកដំណើរការធ្វើចត្តាឡីស័កបាន ២៧ទីតាំង និងសម្រាប់ប៉ះដោយប្រយោល ១៦ទីតាំងទៀត ក៏បើកដំណើរការវិញផងដែរ។ លោក ធឹម សំអាន ក៏បានបញ្ជាក់ទៀតថា អ្នកធ្វើចត្តាឡីស័កពេញលក្ខណៈ ទាំង៦១ទីតាំង ស្មើចំនួនមនុស្ស ១០៩៤នាក់ និងនៅសល់ចំនួន ៧០៧នាក់ ដែលកំពុងធ្វើចត្តាឡីស័ក លើទីតាំងចំនួន១៨។
លោក ធឹម សំអាន ថ្លែងទៀតថា ចំពោះអ្នកធ្វើចត្តាឡីស័ក គឺប្រជាពលរដ្ឋបានអនុវត្តតាមវិធានសុខាភិបាល ក៏ដូចអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ គឺគាត់ចូលរួមគោរពដោយពេញចិត្ត តាមអាជ្ញាធរបានណែនាំ។
ពាក់ព័ននឹងអ្នកធ្វើចត្តាឡីស័កនេះ លោក ធឹម សំធាន តែងតែបានឲ្យមេភូមិ ចៅសង្កាត់ ចុះពិនិត្យ យកសំណើ សំណូមពរ ថាតើប្រជាពលរដ្ឋខ្វះខាតអ្វី គឺលោកដោះស្រាយជូនភ្លាមៗ ដូចជាស្បៀងអាហាររបស់ខណ្ឌ របស់សាលារាជធានីភ្នំពេញ ពិសេសថ្ងៃនេះក្រៅពីអំណោយរបស់កាកបាទក្រហម និងអំណោយរបស់ខណ្ឌ ក៏មានលោក ហ៊ុន ម៉ាណែត បានផ្តល់ថ្នាំពេទ្យ មួយកញ្ចប់ និងម៉ាស ជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នាពេលនេះ។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលរាជធានី ដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលជាអ្នករងផលប៉ះពាល់ នៃព្រឹត្តិការណ៍សហគម ន៍ ២០ កុម្ភៈ និងសូមឲ្យបងប្អូន រក្សាអនាម័យខ្លួនប្រាណ ពាក់ម៉ាសបានត្រឹមត្រូវ លាងសំអាតដៃបានញឹកញាប់ រក្សាគំលាតបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាតបានស្អាតល្អ បាញ់អាល់កុល និងត្រូវទៅទទួលការចាក់វ៉ាក់សាំងបានទាន់ពេលវេលាងដែរ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ រួមមាន៖ អង្ករ ១បាវ (២៥គីឡូក្រាម), ស្ករស ១គីឡូក្រាម, ទឹកត្រី ឬទឹកស៉ីអ៉ីវ ១យួរ, មីម៉ាម៉ា១កេស, ម៉ាស ១ដុំ, ទឹកសុទ្ធ១កេស, ថ្នាំពេទ្យ ១កញ្ចប់ផងដែរ៕