(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានថ្លែងថា ការតែងតាំង និងផ្លាស់ប្តូរតួនាទីមន្រ្តីនៅក្នុងក្រសួងរបស់លោកត្រូវបានធ្វើឡើងដោយមានការពិចារណាយ៉ាងល្អិតល្អន់ និង ច្បាស់លាស់ ដោយមិនមានការប្រកាន់បក្ខពួកអ្វីនោះឡើយ។
ក្នុងពិធីប្រកាសតែងតាំង និង ប្រគល់ភារកិច្ចដល់មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ៦រូបនាព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០១៦នេះ លោក វង សូត បានថ្លែងថា ការតែងតាំង និង ផ្លាស់ប្តូរតួនាទីមន្រ្តីថ្មីនេះ បានធ្វើឲ្យមន្រ្តីក្នុងក្រសួងមួយចំនួនមិន ពេញចិត្ត ហើយបានឆ្លើយឆ្លងតាមបណ្តាញព័ត៌មានមួយចំនួនផងដែរ។
លោក វង សូត បានគូសបញ្ជាក់ថា ការតែងតាំង និងផ្លាស់ប្តូរតំណែងមន្រ្តីក្នុងក្រសួងត្រូវបានធ្វើឡើងដោយការពិនិត្យ និងវាយតម្លៃ លើលក្ខណៈសម្បត្តិយ៉ាងល្អិតល្អន់។ លោក បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំ ហ៊ាននិយាយថា គ្មានការតែងតាំងលើកណាល្អជាងលើកនេះទេ។ មុនស្នើឲ្យមានការតែងតាំងនេះ គឺខ្ញុំបានពិនិត្យ ពិចារណាគ្រប់ជ្រុងជ្រោយ ពិចារណាវាយតម្លៃយ៉ាងច្បាស់លាស់ទាំងលើសមត្ថភាព និងអត្តចរិតផងដែរ»។
សូមបញ្ជាក់ថា មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រកាសសុពលភាព និងតែងតាំងនាព្រឹកមិញនេះ រួមមាន៖ ១. លោកស្រី ញ៉េប សុភាព ជាអគ្គលេខាធិការ មានឋានៈស្មើអនុរដ្ឋលេខាធិការ ជំនួសលោក ម៉ែន សុចិត្រ, ២. លោក ម៉ែន សុចិត្រ ជាអគ្គលេខាធិការរង មានឋានៈស្មើអគ្គនាយក, ៣. លោក អ៊ុ សុផាន់ណារ៉ា ត្រូវបានសម្រួលភារកិច្ចពីប្រធាននាយកដ្ឋានសុខុមាលភាពកុមារ ទៅជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន, ៤. លោកស្រី ប៊ូ ស៊ីថា សម្រួលភារកិច្ចពីប្រធាននាយកដ្ឋានសុខុមាលភាពសង្គមឲ្យទៅជាអធិការ នៃអគ្គាធិការដ្ឋាន, ៥. លោក រស់ សុខា សម្រួលភារកិច្ចពីនាយករងវិទ្យាស្ថានជាតិសង្គមកិច្ច ឲ្យទៅជាប្រធាននាយកដ្ឋានសុខុមាលភាពកុមារ ជំនួសលោក អ៊ុ សុផាន់ណារ៉ា, ៦. លោក គុណ ជាស៊ីន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់, ៧. លោក ឈួរ សុបញ្ញា តែង តាំងជាប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ជំនួសលោកស្រី ប៊ូ ស៊ីថា និងទី៨. លោក ចេង ដារ៉ាវុធ តែងតាំងជាទីប្រឹក្សាអមក្រ សួង មានឋានៈស្មើប្រធាននាយកដ្ឋាន៕