(ភ្នំពេញ)៖ អង្គការយល់ដឹងពីកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល បង្កើតឡើងដោយជនជាតិអូស្ត្រាលី ក្នុងគោលបំណងដើម្បីស្តារ និងអភិវឌ្ឍន៍កុមារកម្ពុជា ព្រមទាំងបាននឹងកំពុងផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺផងនោះ បាន និងកំពុងប្រឹងប្រែង បង្កើនសមត្ថិភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខ្មែរបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈ (MOU) ជាមួយមន្ទីរពេទ្យជោរ៉ៃភ្នំពេញ។
នៅក្នុងពិធីដែលប្រារព្ធឡើង នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ រៀបចំឡើងនៅមន្ទីរពេទ្យជោរ៉ៃភ្នំពេញ លោក Gary Hewett នាយកអង្គការយល់ដឹងពីកម្ពុជា បានលើកឡើងថា អង្គការរបស់លោក បានពង្រីកកម្មវិធីមួយរួចទៅហើយ គឺកម្មវិធីតាមដានជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ដល់អ្នកភូមិ ហើយនឹងមានគម្រោងពង្រីកបន្ថែមទៀត ដើម្បីនាំអ្នកជំនាញបន្ថែមទៀតពីអូស្រ្តាលី ក្នុងការព្យាបាលសុខភាព ជូនប្រជាពលរដ្ឋនៅកម្ពុជា ហើយការចុះ MOU ជាមួយមន្ទីរជោរ៉ៃភ្នំពេញនេះ លោករំពឹងថា នឹងធ្វើឲ្យអង្គការរបស់លោក អាចទទួលបានបទពិសោធន៍ កាន់តែច្រើនបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះ។
លោក Gary Hewett បានឲ្យដឹងដែរថា អង្គការយល់ដឹងពីកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដើម្បីស្តារលទ្ធភាពកុមាររបស់កម្ពុជា ផ្តោតសំខាន់បំផុត ធ្វើការផ្តល់ការអប់រំដល់កុមារក្រីក្រកម្ពុជា។
នាយកមន្ទីរពេទ្យជោរ៉ៃភ្នំពេញ លោក ញៀន ជីធឹក បានឲ្យដឹងផងដែរថា មន្ទីរពេទ្យជោរ៉ៃបានបង្កើតឡើង ក្រោមការផ្តួចផ្តើមពីនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ក្នុងគោលបំណងជួយព្យាបាលអ្នកជំងឺ មិនត្រឹមតែប្រជាជនកម្ពុជានោះទេ គឺសម្រាប់ជួយព្យាបាល ប្រកបដោយគុណភាព ជូនប្រជាជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនាំយកបទពិសោធន៍ទំនើបបំផុត ផ្នែកសុខាភិបាល ចែករំលែកដល់ក្រុមគ្រូពេទ្យ នៅកម្ពុជាផងដែរ៕