(ព្រះសីហនុ)៖ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ និងសមាជិក នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់តារាងបាល់បោះនៅ វិទ្យាល័យស្ទឹងហាវ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កម្មវិធីនេះមានវត្តមានចូលរួមពី ប្រធាន ក្រុមប្រឹក្សាស្រុកស្ទឹងហាវ កញ្ញាអភិបាលរងស្រុក មន្ត្រីរដ្ឋបាលស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។ លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ បានឲ្យដឹងថា តារាងបាល់បោះនេះទើបតែបានសាងសង់រួចរាល់ ដោយបានការឧបត្ថម្ភសាង សង់ដោយក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុតម្លៃ១,៨០០$។ ថ្លែងក្នុងឱកាសដ៏សែនសប្បាយ រីករាយ និងស្និតស្នាលជាមួយប្អូនៗ សិស្សានុសិស្សវិទ្យាល័យស្ទឹងហាវលោក ទៀ សុខា បានថ្លែងប្រាប់ ប្អូនៗ សិស្សានុសិស្សក្នុងឱកាសនោះថា ចលនាយុវជនកម្ពុជាក្រុម១៥៧ ដែលមានលោក ហ៊ុន ម៉ាណែត ជាស្ថាបនិក លោក ម៉ឹង ពន្លក ជាប្រធាន ដើមឡើយបង្កើតឡើងក្នុងន័យគៀងគរ ជំនួយសប្បុរសធម៌ដើម្បីយក ទៅជួយឧបត្ថម្ភ វីរយុទ្ធជនយើងនៅសមរភូមិមុខ តាមបណ្តោយព្រំដែនប្រទេសថៃ ប៉ុន្តែក្រោយមកដោយស្ថានការណ៍ នៅតាមបណ្តោយព្រំដែនមានភាពស្ងប់ស្ងាត់ និងមានស្ថេរភាពឡើងវិញ ក៏បានបង្វែរជំនួយសប្បុរសធម៌ទាំងនេះ មកជួយដល់ជនទីទ័លក្រ ស្រ្តីម៉េម៉ាយ ជនបាត់បង់សមត្ថភាព ឬជួបប្រទះគ្រោះមហន្តរាយដោយសារ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះជាដើម។
មិនតែប៉ុណ្ណោះជំនួយទាំងនេះ ក៏បានឧបត្ថម្ភបំរើដល់វិស័យអប់រំបន្ថែមទៀត ដូចជា ពេលនេះជាដើម។ ដោយមើលឃើញពីកីឡា នាំមកនូវសុខភាពល្អ ព្រមទាំងនាំប្អូនៗ ឲ្យជៀសចេញចាកឆ្ងាយពីគ្រឿងញៀនបន្ថែមទៀត ទើបបងៗទាំងអស់គ្នា បានផ្តល់ថវិការ ដើម្បីជួយសាងសង់តារាងបាល់បោះ ទុកដើម្បីប្អូនៗបានហាត់កីឡាផង និងដើម្បីឲ្យជៀសចាកឆ្ងាយពីគ្រឿងញៀនផងដែរ។ បន្ទាប់ពីបានកាត់ខ្សែរបូរដាក់ឲ្យប្រើប្រាស់តារាងបាល់បោះនេះរួចមក លោក ទៀ សុខា ក៏បានផ្តល់បាល់បោះចំនួន៤ ស្បែកជើងកីឡាដល់កីឡាករបាល់បោះចំនួន១៤នាក់ និងអាវកីឡាករបាល់ទាត់ចំនួន៣៥នាក់ផងដែរ៕