(កំពង់ចាម)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កន្លងទៅមានការបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារព័ត៌មានពាក់ព័ន្ធករណីប្រព្រឹត្តអំពើហិង្សា កើតឡើងនៅចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងថែមទាំងចោទប្រកាន់មកលើមន្ត្រីនគរបាល បង់លុយ៥០០ដុល្លារ ដើម្បីបញ្ចប់សំណុំរឿងហិង្សានៅទីតាំងជល់មាន់ទៀតផង។
ដើម្បីចៀសវាងមហាជនមានការភាន់ច្រឡំពាក់ព័ន្ធករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ សូមធ្វើការបំភ្លឺជូនដូចខាងក្រោម៖
*ទី១៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០១៖៣០នាទី មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រវាងរថយន្តម៉ាក Lexus RX-300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2S-9688 បើកបរដោយឈ្មោះ នួន រឿន អាយុ៣៣ឆ្នាំ និងម៉ូតូមួយគ្រឿង ម៉ាកអឹមស្លាស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ លីម រ៉ាត់ អាយុ២១ឆ្នាំ។
ហេតុការណ៍នោះបណ្តាលឲ្យភាគីខាងរថយន្តខូចខាត បែកកាងផ្នែកខាងមុខ រីឯភាគីខាងម៉ូតូបែកកាបាំង បែកម៉ាស៊ីន និងវៀចចង្កូត។ ភាគីខាងរថយន្ត មានបំណងបើករថយន្តគេចចេញមិនទទួលខុសត្រូវ ខណៈនោះភាគីខាងម៉ូតូ បាននាំគ្នាដេញតាមពីក្រោយ និងឈានឈ្លោះប្រកែកគ្នាប្រព្រឹត្តអំពើហិង្សា ដោយភាគីខាងម៉ូតូយកដំបងវាយកញ្ចក់រថយន្ត បណ្តាលឲ្យបែកផ្នែកខាងក្រោយ និងចំហៀងផ្នែកខាងឆ្វេងរថយន្ដ។
បន្ទាប់មកភាគីខាងរថយន្តបានមកប្តឹង នៅបញ្ជាការដ្ឋានរាជអាវុធហត្ថស្រុកជើងព្រៃ និងបានបន្តបញ្ជូនមកដោះស្រាយគ្នា នៅផ្នែកជំនាញនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។ ការដោះស្រាយភាគីខាងរថយន្ត បានព្រមព្រៀងសម្របសម្រួលទទួលយកលុយចំនួន៥០០ដុល្លារ ពីភាគីខាងម៉ូតូ និងយល់ព្រមជាលាយលក្ខ័ណអក្សរបញ្ចប់រឿង ដោយពុំទាមទារលក្ខខណ្ឌអ្វីបន្ថែមទៀតឡើយ។
*ទី២៖ ផ្អែកតាមការបំភ្លឺពីប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងផ្អែកតាមរបាយរណ៍របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អំឡុងឆ្នាំង២០២០ នៅចំណុចក្នុងព្រៃចំការស្វាយចន្ទីរ ស្ថិតនៅក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ធ្លាប់មានក្រុមអ្នកលួចលេងល្បែងជល់មាន់ លួចលេងម្ដងម្កាល ហើយក៏ត្រូវបានសមត្ថកិច្ចចុះមកបង្រ្កាបជាបន្តបន្ទាប់ ប៉ុន្តែបច្ចុប្បន្ននេះពុំមានសកម្មភាពលួចលេងល្បែងជល់មាន់ នៅភូមិសាស្ត្រនោះទៀតទេ។
*ទី៣៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបានផ្សព្វផ្សាយ លើបណ្ដាញសង្គមខាងលើ និងសូមចាត់ទុកថា គឺជាការផ្សព្វផ្សាយបំភ្លើសការពិត មិនគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន និងមានចេតនាមូលបង្កាច់បង្ខូចកិត្តិយសបុគ្គល លោកវរសេនីយ៍ទោ កាំង គឹមហុង អធិការរងនគរបាលស្រុកជើងព្រៃ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គម ដែលតែងតែសហការផ្តល់ព័ត៌មាន ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីមានមូលដ្ឋានចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សូមស្វាគមន៍ចំពោះមតិរិះគន់ទាំងឡាយក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋាន ក្នុងការកែលម្អការអនុវត្តតួនាទីភារកិច្ច បម្រើជាតិ និងប្រជាជន និងសូមអំពាវនាវដល់អ្នកសារព័ត៌មាន និងបណ្ដាញសង្គមមេត្តាចៀសវាងផលិតរូបភាព និងខ្លឹមសារព័ត៌មានផ្សព្វផ្សាយដោយខ្វះវិជ្ជាជីវៈ ពុំបានស៊ើបអង្កេតអង្គហេតុ អង្គច្បាប់គ្រប់ជ្រុងជ្រោយ ដែលមានឥទ្ធិពលបង្កឲ្យមហាជនមានការភាន់ច្រឡំមកលើការអនុវត្តតួនាទីរបស់មន្ត្រី និងស្ថាប័នអនុវត្តច្បាប់៕