(បាត់ដំបង)៖ ស្របពេលទទួលបានទឹកភ្លៀងលើកដំបូងក្នុងឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ២នាក់ បានស្លាប់បាត់បង់ជីវិតដោយសាររន្ទះបាញ់ និងខូចខាតផ្ទះអស់ ២ខ្នង ដោយសារពេលភ្លៀងលាយខ្យល់កន្ត្រាក់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។
រដ្ឋបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ក្នុងពេលភ្លៀងនោះ គឺមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង ថែមទាំងមានរន្ទះបាញ់ ២លើក បណ្ដាលឱ្យមនុស្សស្លាប់នៅទីតាំង ២ករណីផ្សេងគ្នា។
ករណីទី១៖ កើតឡើងនៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយជនរងគ្រោះជាស្ត្រីមានឈ្មោះ ង៉ែត ហឿន អាយុ ៥២ឆ្នាំ។ មុនពេលកេីតហេតុ គាត់បានឈរមើលកូនៗរបស់គាត់ពូនរងដាំដំឡូងមី ស្រាប់តែភ្លាមនោះ ក៏មានរន្ទះបាញ់បាញ់គាត់ស្លាប់នៅនឹងន្លែងតែម្ដង។
ករណីទី២៖ មានរន្ទះបាញ់មួយករណីដែរ ដែលបណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ទៀត មានឈ្មោះ អៀង លីណា អាយុ ១២ឆ្នាំ កេីតឡេីងនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ មុនពេលកេីតហេតុ ក្មេងស្រីរងគ្រោះបានជិះកង់ទៅរកម្ដាយ តែពេលត្រលប់មកផ្ទះវិញ ដល់ទីវាលប្រហែល ១០០ម៉ែត្រ ពីផ្ទះរបស់ខ្លួន ក៏ត្រូវរន្ទះបាញ់ស្លាប់ស្រស់ៗតែម្ដង។
ក្រោយពីចុះត្រួតពិនិត្យរួចមក សមត្ថកិច្ចក៏បានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
រដ្ឋបាលស្រុកភ្នំព្រឹកក៏បានបញ្ជាក់ដែរថា ក្នុងថ្ងៃដដែលនោះ ក៏មានភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលឲ្យរបេីកដំបូងផ្ទះចំនួន ២ខ្នង ទៀតដែរ នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕